សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្ត្រី និងក្មេងស្រី គឺជាក្រុមជន ដែលងាយរងគ្រោះជាងគេ ដោយសារជំងឺរាតត្បាត កូវីដ១៩ ខណៈរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍កូវីដ បានល្អ និងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តាមរយៈសារលិខិតអបអរទិវាប្រជាជនពិភពលោក លើកទី ៣២ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ក្រោមប្រធានបទ «សិទ្ធិ និងជម្រើស គឺជាចម្លើយៈ មិនចំពោះថា ក្នុងដំណាក់កាល បន្ទុះ ឬសម្រុតទារកនោះទេ ដំណោះស្រាយ គឺស្ថិតនៅលើការផ្តល់អាទិភាពដល់សិទ្ធិ និងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ប្រធានបទនេះ ពិតជា មានអត្ថន័យ ធំធេងក្នុងស្ថានភាព ដែលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺផ្លូវដង្ហើម ធ្ងន់ធ្ងរ ( កូវីដ១៩ ) ដែលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈនៅគ្រប់ទិសទីទូទាំងពិភពលោក។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ស្ត្រី និងក្មេងស្រី គឺជាក្រុមជន ដែលងាយរងគ្រោះជាងគេ ដោយសារជំងឺរាតត្បាត កូវីដ១៩ ជាពិសេសលើបញ្ហាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន លើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍កូវីដ បានល្អ និងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ទទួលបានជោគជ័យពេញមួយឆ្នាំ២០២០ ដែលមានអ្នកឆ្លងក្នុងរង្វង់ត្រឹមតែ ៣៥០ករណីប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ សូម្បីតែម្នាក់ ប៉ុន្តែ ជាអកុសល ឆ្នាំ២០២១នេះ ករណីឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក ដែលបានធ្វើ ឲ្យរាជរដ្ឋាភិបាល ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូល មានការព្រួយបារម្ភយ៉ាងខ្លាំង ។

ទោះជាយ៉ាងនេះក្តី សម្តេចបានលើកឡើងក្នុងសារលិខិតថា រាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍នេះ បានល្អ និងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ ទូទាំងប្រទេស។

សូមរម្លឹកថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស កម្ពុជាយើង មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៦០៩៥៩នាក់។ ករណីជាសះស្បើយសរុប ចំនួន ៥២៤៧៥នាក់ និងករណីស្លាប់សរុប ចំនួន ៩០២នាក់ ។

ចំណែកឯអ្នកចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៤,៨៤៥,៥៨៨នាក់ ស្មើនឹង ៤៨,៥៦% នៃគោលដៅ ដែលត្រូវចាក់វ៉ាក់សាំង ១០លានទៅ១៣លាននាក់ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner