ចិនបានអះអាងថា ខ្លួនបានដេញនាវាចម្បាំងអាមេរិកចេញពីសមុទ្រចិនខាងត្បូង

យោធា​ចិន​បាន​អះអាង​ថា ខ្លួន​បាន​ដេញ​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ ដែល​មាន​ឈ្មោះ​ថា USS Benfold ចេញ​ពី​ដែន​ទឹក​មួយ​នៅ​ក្បែរ​ប្រជុំ​កោះ​មាន​ជម្លោះ Paracel នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​បញ្ជា​ការដ្ឋាន​ភូមិភាគ​ខាង​ត្បូង​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១២ កក្កដា​។

ស្ថាប័ន​កងទ័ព​ចិន​នៅ​តំបន់​នេះ​បាន​លើកឡើង​ថា អាមេរិក​បាន​ចូល​ក្នុង​ដែនទឹក​របស់​ចិន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា​កន្លង​ទៅ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​របស់​ចិន។

ក្រសួង​ការបរទេស​ចិន​តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក Zhao Lijian ក៏​បាន​ជំរុញ​ឱ្យ​អាមេរិក​បញ្ឈប់​នូវ​ការ​បង្ក​រឿង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ទៅ។

ផ្ទុយ​ពី​នេះ​ទៅ​វិញ កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទៅ​វិញ​ភ្លាមៗ​ច្រាន​ចោល​ការ​លើកឡើង​របស់​ចិន។ ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ និង​សេរីភាព​ក្នុង​ការ​ហោះហើរ ដោយ​ផ្អែក​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ១៩៨២​ប៉ុណ្ណោះ ហើយ​ព្រម​ទាំង​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​បន្ត​ធ្វើ​បែប​នេះ​នៅ​កន្លែង​ណា ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត។ យោធា​អាមេរិក​បាន​គូស​បញ្ជាក់​ថា នាវា Benfold នឹង​មិន​បញ្ឈប់​ដំណើរ​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​ចិន​ក៏​ដោយ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner