យុវជនស្រុកល្វាឯម ត្រៀមធ្វើតេស្ដរហ័ស ដើម្បីបន្តចូលរួមសកម្មភាពសង្គម

អត្ថបទដោយ៖
ធី ដា

ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ជម្រុញឲ្យយុវជនក្នុងស្រុកល្វាឯមទាំងអស់ ត្រៀមបម្រុងការធ្វើតេស្ដរហ័ស ក្នុងគោលដៅ ឲ្យយុវជនមានការជំនឿខ្លួនឯង ដើម្បីបន្តជាកំលាំង ក្នុងការចូលរួមជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ជាពិសេសជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មកចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ។

ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជនស្រុកល្វាមឯម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល លើកឡើង នៅក្នុងកម្មវិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនស្រុកល្វាមឯម នៅថ្ងៃទី ១៤ ខែ កក្ដដា ឆ្នាំ ២០២១ នេះថា ជុំវិញស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ ការគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ការអនុវត្តយ៉ាងល្អប្រសើរ ដោយបានដាក់ចេញនូវវិធានការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយ ភាពម៉ឹងម៉ាត់ និងហ្មត់ចត់ ពិសេសការអនុវត្តនូវវិធានការសុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ លាងអាល់កុល និងរក្សាគម្លាតសង្គមជាដើម និងការចូលរួមគាំទ្ររបស់ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ ការមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់ ។

ឯកឧត្តម បន្តថា ការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គឺមិនល្អនោះឡើយ ទាំងកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ព្រោះវាបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ពិសេសសកម្មភាពផលិតកម្មជាដើម ។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ យុវជនគឺជាកំលាំងចលករមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកសកម្មភាពជាមួយសង្គម ក្នុងនោះសម្រាប់ជំហ៊ានដំបូង យុវជនត្រូវត្រៀមបម្រុងការធ្វើតេស្ដរហ័ស ក្នុងគោលដៅឲ្យយុវជនមានការជំនឿខ្លួនឯង ដើម្បីបន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ និងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឲ្យបានទាំងអស់គ្នា ជាពិសេសសូមឲ្យយុវជនចូលរួមកំលាំង រួមជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីពន្លឿនការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានលឿនតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ។

ជុំវិញបញ្ហានេះ លោក កន សុខកាយ គណៈអភិបាលនៃអភិបាលស្រុកស្រុកល្វាឯម បានថ្លែងឲ្យដឹងថា ចំពោះការគ្រប់គ្រង និងចាក់វ៉ាក់សាំង, យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងស្រុក ចាប់ផ្តើមពីថ្ងៃទី ១០ ខែមិថុនា រហូតដល់ពេលបច្ចុប្បន្ននេះ មានរយៈពេលប្រមាណជាង ១ខែ ក្នុងនោះស្រុកបានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងចំនួន ១០ កន្លែង តាមបណ្តាឃុំ ដែលចាក់លើប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង នៅទូទាំងស្រុក ។

លោកអភិបាល បន្តថា ចំពោះផែនការប្រជាពលរដ្ឋត្រូវចាក់សរុបចំនួន ៥៦ ពាន់នាក់ ក្នុងនោះប្រជាពលរដ្ឋបានចាក់ក្នុងពេលយុទ្ធនាការចំនួន ៣៧ ពាន់នាក់ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងមុនយុទ្ធនាការចំនួនជាង ៥ ពាន់នាក់(មន្ត្រីរាជការ និងមុខសញ្ញាដែលមានហានិភ័យខ្ពស់ចំពោះការឆ្លង) សរុបជារួមបានចំនួន ៤២ ពាន់នាក់ ស្មើរជាង ៧៥% ក្នុងនោះចំពោះប្រជាពលរដ្ឋជាង ១៤ ពាន់នាក់ទៀត ពួកគាត់បានចាក់ក្រៅមូលដ្ឋាន ចំណាកស្រុក និងទៅក្រៅប្រទេស បូករួមទាំងអ្នកមានផ្ទៃពោះ អ្នកមានជម្ងឺមិនអាចចាក់បានជាដើម មកដល់ពេលនេះស្រុកកំពុងដំណើរបន្តចាក់ដូសទី២ ដែលគ្រោងបញ្ចប់នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕

នៅក្នុងពិធីនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម បាននាំយកអំណោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល ឧបត្តម្ភដល់យុវជនចំនួន ១១៧ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥ គីឡូ, មី១កេះ, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ ម៉ាស និងសម្ភារៈផ្សេងៗទៀត និងបានផ្តល់ថវិការក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner