អគ្គមេបញ្ជាការកងទ័ពចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីសក័តាមបណ្តាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ

អត្ថបទដោយ៖
ធី ដា

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅព្រឹកថ្ងៃទី១៥កក្កដាឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីសក័តាមបណ្តាកងឯកភាពមួយចំនួនក្នុងកងយោធពលខេមរភូមិន្ទ។ តាមសេចក្តីរាយការណ៍របស់គណៈគ្រប់គ្រងសាលាបានឲ្យដឹងថា បច្ចុប្បន្ននេះនៅវិទ្យាស្ថានកងទ័ពជើងគោកមានយោធិនកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន៦៩នាក់ និងយោធិនចំនួន៣៦នាក់ កំពុងធ្វើចត្តាឡីស័ក។ ដោយឡែកនៅសាលានាយទាហានសកម្ម មានយោធិនចំនួន៣១៧នាក់ កំពុងសម្រាកព្យាបាល និងយោធិនចំនួន ៤៨៤ នាក់ កំពុងធ្វើចត្តាឡីស័ក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងនូវក្តីមោទនៈចំពោះពលិកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាលទ្ធភាពនៅក្នុងការរៀបចំកន្លែងព្យាបាលជំងឺកូវី-១៩ កម្រិតស្រាលដោយខ្លួនឯង។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំសាលា ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ការអនុញ្ញាតច្បាប់ដល់យោធិនគ្រប់រូប ធ្វើបានតែក្នុងករណីមានធុរៈចាំបាច់ប៉ុណ្ណោះ ដែលមេបញ្ជាការកងឯកភាពនីមួយៗ ត្រូវពិនិត្យ និងអនុញ្ញាតក្នុងរយៈពេលសមស្រប ហើយពេលត្រឡប់មកវិញក៏ត្រូវធ្វើចត្តាឡីស័កក្នុងកងឯកភាពរបស់ខ្លួនរយៈពេល២១ថ្ងៃជាកំណត់ផងដែរ។ បន្ថែមលើនោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានដាក់បទបញ្ជាឱ្យកងឯកភាពនីមួយៗ ត្រូវត្រួតពិនិត្យរាល់កម្លាំងចេញចូលឱ្យបានច្បាស់លាស់ ទាំងកម្លាំងចេញបេសកកម្ម ច្បាប់ ទាំងកម្លាំងទៅទិញសម្ភារៈ ម្ហូបអាហារជាដើម ដែលបញ្ហានេះត្រូវចាត់តាំងកម្លាំងនៅខាងក្រៅ និងខាងក្នុងឱ្យដាច់ពីគ្នា ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ថ្នាក់ដឹកសាលា ត្រូវបង្កើនការអបរំ ការណែនាំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ ហើយត្រូវអនុវត្តចលនានោះឱ្យបានជាប់ជាប្រចាំនៅតាមកងឯកភាពនីមួយៗ។ នៅក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បាននាំយកសម្ភារៈ បរិក្ខារពេទ្យ និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងទទួលការព្យាបាល និងធ្វើចត្តាឡីស័កផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner