ជំនន់ទឹកភ្លៀងយ៉ាងគំហ៊ុកនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្កការលិចលង់ផ្ទះសម្បៃង ប្រមាណ៤០ខ្នង

     ប្រភពពីអាជ្ញាធរ នៃ រដ្ឋបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា៖នៅល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហ៊ុកនៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹករបស់ខ្លួន រហូតដល់យប់ និងបណ្តាលឲ្យមានទឹកជំនន់ទឹកភ្លៀង លិចលង់ផ្ទះ និងខូចខាតនូវសម្ភារៈមួយចំនួន របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ចំនួនប្រហែង៤០គ្រួសារ និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ មួយចំនួនផងដែរ ហើយត្រូវបានក្រុមការងារស្រុក ឃុំ ភូមិ បានធ្វើការជន្លៀសមកកាន់ទីទួលសុវត្ត្ថិភាព ជាបណ្តោះអាសន្ន។

     តាមការឲ្យដឹងពីលោក ហុង ឆេត មន្ត្រីនៃគ្រោះមហន្តរាយខេត្តបាត់ដំបង ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានឲ្យដឹងថា៖ជាលទ្ធផលតាមការពិនិត្យជាក់ស្តែង និង សេចក្តីរាយការណ៍ ពីលោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹក និងពីអាជ្ញាធរក្នុងមូលដ្ឋានភូមិ-ឃុំបួរ ព្រមទាំងប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថាបញ្ហាទឹកជំនន់ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក កាលពីពេល រសៀល  ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលម៉ិញនេះ។

     ហើយជំនន់ទឹកភ្លៀងនេះ ក៏បានបង្កផលប៉ះពាល់ជាបឋម ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន៤០គ្រួសារនៅក្នុងឃុំចំនួន២គឺៈឃុំភ្នំព្រឹក និងឃុំបារាំងធ្លាក់។

      មន្ត្រីគ្រោះមហន្តរាយសាលាខេត្ត ក៏បានឲ្យដឹងបន្ថែមថា៖ លុះដល់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០ ២១ ជំនន់ទឹកភ្លៀងនេះក៏បានបន្តធ្លាក់រាយប៉ាយផ្នែកខាងក្រោម បង្កឲ្យប៉ះពាល់ដល់ផលដំណាំដាំដុះ ដូចជា៖ ពោត ដំឡូង..។ល។ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវគ្រួសក្រហម១ខ្សែរក្នុងឃុំបួរ ប្រវែងប្រមាណ២.៥០០ម៉ែត្រ ក្នុងនោះទឹកបានហូរច្រោះកាត់ដាច់ផ្លូវប្រវែងប្រមាណ២៥០ម៉ែត្រ និងហូរកាត់ច្រោះបណ្តាលឲ្យខូចលូកាត់ផ្លូវចំនួន០២កន្លែង នៅចំណុចខាងលិចផ្សារបួរ ឃុំបួរ ស្រុកភ្នំព្រឹក ផងដែរ។

      នៅក្នុងការចុះអន្តរាគមន៍បឋមនេះ មានកម្លាំងចម្រុះដឹកនាំដោយលោក សុង សុភ័ក្រ្ត អភិបាល ស្រុក និងបានជួយសង្គ្រោះប្រជាពលរដ្ឋម្នាក់ដែលឈឺពោះឆ្លងទន្លេ ឲ្យទៅកាន់មណ្ឌលសុខភាពដោយសុវត្ថិភាព។

       ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន បានសំណូមពរ ដល់មន្ទីរជំនាញ សូមពិនិត្យលទ្ធភាពក្នុងការជួសជុលកែលម្អផ្លូវគ្រួសក្រហមដែលរងផលប៉ះពាល់និងខូចខាតខាងលើនេះឡើងវិញផង បន្ទាប់ទឹកស្រកចុះ។ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner