សសយក គាំទ្រយ៉ាងពេញទំហឹងដល់ការប្រកាសរបស់សម្តេចតេជោ ក្នុងការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ដល់កុមារចាប់ពីវ័យ១២ដល់១៧ឆ្នាំនាពេលខាងមុខនេះ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា មានក្តីសោមនស្សរីករាយ និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់ការប្រកាសរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្ដល់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ពលរដ្ឋវ័យជំទង់ដែលមានអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ នាពេលខាងមុខនេះ។

ក្រោយពីបានសម្រេចបានជាង ៥៤% នៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគោលដៅពេញវ័យ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវផែនការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ក្មួយៗ ចៅៗដែលមានអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ បន្ថែមទៀត។ ចំណាត់ការនេះពិតជាបានបង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យសុខភាពសាធារណៈជូនដល់ប្រជាពលរដ្ឋគ្រប់វ័យ ជាពិសេសការយកចិត្តទុកដាក់ដល់វិស័យអប់រំដែលកំពុងជួបការប្រឈមជាសកលដោយសារការរាតត្បាតពីជំងឺកូវីដ-១៩។ ការផ្ដល់ជូនវ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមានអាយុក្រោម ១៨ឆ្នាំ នឹងបង្កើនភាពស៊ាំនឹងជំងឺកូវីដ-១៩ ក្នុងសង្គមដែលនឹងឈានទៅការបើកឡើងវិញនូវសង្គម និងសេដ្ឋកិច្ច ជាពិសេសការបើកឡើងវិញនៃសាលារៀន និងគ្រឹះសា្ថនអប់រំឡើងវិញ។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកទុកដាក់គិតគូរគ្រប់ទិដ្ឋភាពជូនដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងប្រទេសប្តេជ្ញានឹងបន្ដចូលរួមជាមួយអាជ្ញាធរក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសចូលរួមសម្របសម្រួលដល់ដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋតាមយុទ្ធសាស្រ្ដចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner