តម្លៃនៃសន្តិភាពជាក់នឹងភ្នែក

អត្ថបទដោយ៖
AMS OneMinute

ប្រទេសជាច្រើននៅលើពិភពលោកកំពុងតែប្រយុទ្ធដណ្តើមទឹកដី និងអំណាច។ ប្រទេសមួយចំនួន បាននិងកំពុងផុងខ្លួនក្នុងភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ វិនាសកម្មដ៏ធំធេង គ្មានកាលកំណត់។

បាតុកម្មទ្រង់ទ្រាយធំនៅគុយបាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យមនុស្សស្លាប់ របួស ចាប់ខ្លួនដោយបង្ខំ និងខ្លះទៀតបាត់ខ្លួន។

ក្នុងសង្គ្រាមរយៈពេល ៨ខែកន្លងមក ទាហានអេត្យូពីរាប់ពាន់នាក់បានក្លាយជាអ្នកទោសសង្គ្រាម ហើយជោគវាសនាជនស៊ីវិលរាប់លាននាក់ កំពុងស្ថិតនៅគែមជ្រោះនៃគ្រោះទុរភិក្ស បន្ទាប់ពីមានការលួច ប្លន់ និងការបំផ្លាញយ៉ាងអនាធិបតេយ្យ។ ប្រជាជនជាង ១.៧ លាននាក់ត្រូវបង្ខំឱ្យផ្លាស់ទីលំនៅ និងការកើតមាននូវអំពើហឹង្សាផ្លូវភេទដ៏គួរឱ្យរន្ធត់។

សង្គ្រាមនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានធ្វើឱ្យអគារ និងផ្ទះសម្បែងជាច្រើនខ្នងខូចខាតយ៉ាងដំណំ ។ ចាប់តាំងពីឆ្នាំ ២០០១ ទាហាន និងជនស៊ីវិលប្រមាណ ២៤១.០០០នាក់ ត្រូវបានសម្លាប់។ អ្នកឯទៀតរត់ព្រាត់ប្រាស់គ្រួសារផ្ទះសម្បែងដើម្បីជ្រកកោននៅប្រទេសផ្សេង។

អំពើហឹង្សានៅអាហ្វ្រិកខាងត្បូងដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០មក បានបំផ្លាញផ្សារទំនើប ជាង២០០កន្លែង សម្លាប់មនុស្ស ៧២នាក់ និងមនុស្ស ១.២៣៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

ដោយសារសង្គ្រាម ផ្លូវថ្នល់គ្មានសុវត្ថិភាព មន្ទីរពេទ្យហាក់នៅឆ្ងាយមិនអាចទៅដល់។ ភាពក្រីក្រ កង្វះអាហារូបត្ថម្ភ កង្វះអនាម័យ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព និងការរិចរិលបរិស្ថាន បានក្លាយជាបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរក្នុងរយៈពេលយូរ។

ឥឡូវនេះ យើងយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាពនៅកម្ពុជា។ មានសន្តិភាព ទើបមនុស្សម្នាក់ៗទទួលបានសិទ្ធិរស់រានមានជិវិត និងសិទ្ធិជាមូលដ្ឋានដទៃទៀត។ មានសន្តិភាពទើបយើងអាចកសាងសង្គមដែលមានភាពធន់ និងអភិវឌ្ឍដោយចីរភាពបាន។

✍🏽-ស្រីកែវ

ads banner