ឯកឧត្តម ណុប ចាន់ណារិន្ទ មានប្រសាសន៍ថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងមានការផ្សព្វផ្សាយច្បាប់ តាមបណ្តាញសង្គម និងអាចតាមវិទ្យុ និងទូរទស្សន៍
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) ឯកឧត្តម ណុប ចាន់ណារិន្ទ បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ក្រសួងនឹងធ្វើការ អប់រំ ផ្សព្វផ្សាយច្បាប់ នៅតាមបណ្តាញសង្គម នាពេលឆាប់ៗខាងមុខ ។
ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា កន្លងមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ទ រ ព អ បានចាត់តាំងថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញ ចុះធ្វើវេទិការ អប់រំ និងផ្សព្វផ្សាយច្បាប់ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត នៅតាមមូលដ្ឋានជនបទ ទូទាំងប្រទេស ដើម្បចុះផ្តល់ការអប់រំ ជូនពលរដ្ឋឲ្យមានចំណេះដឹងផ្លូវច្បាប់ ។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា ក្នុងបរិបទនៃកូវីដ-១៩ ដោយបានទទួលការណែនាំពីលោកជំទាវកិត្តិសង្គហបណ្ឌិត លោកជំទាវបានអនុញ្ញាតឲ្យក្រុមការងារធ្វើការផ្សព្វផ្សាយច្បាប់ផ្សេងៗ ជូនដល់ពលរដ្ឋក្នុងកំរិតក្របខណ្ឌតាមប្រព័ន្ធបណ្តាញសង្គម និងគ្រោងសុំកិច្ចសហការពីទូរទស្សន៍ឲ្យជួយផ្សព្វផ្សាយផងដែរ ។ ធ្វើយ៉ាងនេះ គឺដើម្បីអនុវត្តតាមវិធានការសុខាភិបាល លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ឯកឧត្តម ណុប ចាន់ណារិន្ទ រំលឹកថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាស្ថាប័នមួយដែលធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើវិស័យអធិការកិច្ច ការប្រឆាំងអំពើពុករលួយ និងទំនាក់ទំនងសម្របសម្រួលចូលរួមធ្វើសេចក្តីព្រាងច្បាប់ ជាមួយរាជរដ្ឋាភិបាល ទៅកាន់រដ្ឋសភា ព្រឹទ្ធសភា និងពីរដ្ឋសភា ព្រឹទ្ធសភា មកកាន់រាជរដ្ឋាភិបាល ហើយក្នុងនោះក៏ចូលរួមរៀបចំធ្វើលិខិតបទដ្ឋានគតិយុត្ត តាមស្ថាប័ននានាផងដែរ ។
ទន្ទឹមនឹងនេះ ក្រសួង ក៏មានកិច្ចការស្នូលក្នុងការនាំយកនូវច្បាប់ទាំងឡាយណា ដែលបានអនុម័តរួច នឹងត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ យកទៅធ្វើការអប់រំ ផ្សព្វផ្សាយ ជូនពលរដ្ឋនៅគ្រប់ទីកន្លែង ទូទាំងប្រទេស ។
ជាមួយគ្នានេះ ឯកឧត្តម ណុប ចាន់ណារិន្ទ សង្ឃឹមថា បន្ទាប់ពីច្បាប់ទាំងឡាយដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននាពេលនេះ នឹងបានជាគុណប្រយោជន៍ដល់ប្រជាជន និងសាធារណៈជនទាំងក្នុងនឹងក្រៅប្រទេសយកធ្វើជាគតិ ដើម្បីរួមគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព ៕