ក្រុមអ្នកស្រាវជ្រាវរកឃើញសត្វខ្ទីងជាច្រើនក្បាលនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា

រាជធានីភ្នំពេញ៖ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានរកឃើញហ្វូងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗជាច្រើននៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

          ការរកឃើញសត្វខ្ទីងដែលជា សត្វដ៏កម្រកំពុងមានវត្តមាននៅកម្ពុជានេះគឺ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។រូបភាពបង្ហាញពីកូនសត្វខ្ទីងជាច្រើននៅកម្ពុជានេះ គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

           ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២១នេះថាគេមិនទាន់មានទិន្នន័យច្បាស់លាស់ នៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មានឡើយ តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាម តំបន់ការពារធម្មជាតិនានា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វូង ខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថាសត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។

         ឯកឧត្តមបានឱ្យដឹងបន្ថែមថាចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត ព្រមទាំងការឆ្លងជំងឺពីសត្វស្រុក។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាង ៧ ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃជាង ១០០០ដើមត្រូវបានរឹបអូសក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ។

 ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយបញ្ជាក់ថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការ ពារនិងគ្រប់គ្រងអភិរក្សជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ ការការពារឱ្យបានល្អប្រសើរនូវតំបន់ការពារធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃ និងថែរក្សាប្រភពទឹក និងប្រភពចំណីអាហាររបស់សត្វព្រៃ ក៏ដូចជាការអប់រំផ្សព្វផ្សាយពីច្បាប់និងសារៈសំខាន់នៃការថែរក្សាព្រៃឈើសត្វព្រៃដើម្បីអនុញ្ញាតឱ្យជីវៈចម្រុះជាពិសេសសត្វកម្រដែលជិតផុតពូជនៅលើពិភពលោកបន្តរស់នៅនិង បន្តពូជបន្សល់ទុកជាសម្បត្តិធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រសួងបរិស្ថាននិង បន្តសហការជាមួយអង្គការដៃគូនានាដែលបានសហការក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជាដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ។ 

សូមបញ្ជាក់ដែរថាបើយោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែន ជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner