អភិបាលខេត្តបាត់ដំបង បានអំពាវនាវធ្វើការក្រើនរម្លឹកទៅដល់អាជ្ញាធរស្រុកក្រុង ត្រូវតែត្រួតពិនិត្យត្រៀមទូកកាណូតជាមុន ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ ពេលមានជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខ្លួន

   ក្នុងឱកាសចុះពិនិត្យទៅមើលនូវផលប៉ះពាល់ និងផ្ដល់អំណោយមនុស្សធម៌របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងស្រុកភ្នំព្រឹក នៅថ្ងៃទី១៦ខែកក្កដា២០២១ថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងក្រើនរម្លឹក និងធ្វើការជំរុញដល់គ្រប់អាជ្ញាធរនៃរដ្ឋបាលស្រុក-ក្រុង ត្រូវយកចិត្តទុកដាក់និងខិតខំដោះស្រាយនូវបញ្ហាប្រឈម និងគ្រោះធម្មជាតិនានា ជូនប្រជាពលរដ្ឋរបស់ខ្លួនធ្វើឲ្យបានទាន់វេលាទៅតាមលទ្ធភាព ហើយគ្រប់ស្រុកទាំងអស់ដែលកន្លងមក ទទួលបាននូវទូក-កាណូត ពីប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីទឹកជំនន់ធំ នៅក្នុងអំឡុងឆ្នាំ២០២០កន្លងទៅ ត្រូវត្រៀមនិងរៀបចំទុកដាក់បញ្ឆេះម៉ាស៊ីនធ្វើការថែទាំជាមុននិងឲ្យបានទាន់ពេល ក្នុងការត្រៀមជួយសង្គ្រោះពលរដ្ឋ ដែលអាចនឹងកើតមាននូវបញ្ហាគ្រោះទឹកជំនន់នៅពេលក្រោយៗទៀតនិងដោយសារតែពេលនេះ គឺជារដូវវស្សានិងមានភ្លៀងធ្លាក់នៅគ្រប់ទីកន្លែង ហើយដែលអាចបង្កកើតឡើងដោយជំនន់ទឹកភ្លៀង និងបានជួយជន្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

      ការថ្លែងបែបនេះក្នុងខណៈ ដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំថ្នាក់ដឹកនាំសំខាន់ៗជាទីប្រឹក្សាសម្តេចក្រឡាហោម  និងក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ដោយបាននាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៤ខែកក្កដាថ្មីៗនេះ ដែលស្ថិតនៅក្នុងឃុំ ភ្នំព្រឹក  ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារៗទទូលបាន នូវអង្ករ១ការ៉ុង  មី១កេះតូច , ត្រីខ១យួរ, ទឹកត្រី-ទឹកសុីអុីវ ១យួរ, ទឹកបរិសុទ្ធ ០៥យួរ  រួមជាមួយ ម៉ាស់និងអាល់កុល ផង ដែរ។

      តាមការគូសបញ្ជាក់ពីលោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា៖ស្ថានភាពទឹកជំនន់ជំនន់ទឹកភ្លៀង ដែលបានកើតឡើង កាលពីយប់ថ្ងៃទី១៤កន្លងទៅនេះ បង្កឡើងដោយសារតែមានភ្លៀងធ្លាក់គំហ៊ុកយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃរសៀល បានបណ្ដាលធ្វើឲ្យប៉ះពាល់លិចលង់ ផលដំណាំ ចម្ការដំឡូង ពោតមួយចំនួន និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន៤ របស់ស្រុក។

       លោកអភិបាលស្រុកភ្នំព្រឹក ក៏បានឲ្យដឹងបន្តទៀតថា បន្ទាប់ពីមានការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យលិចលង់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋភ្លាមៗ ក្នុងនោះអាជ្ញាធរនៃរដ្ឋបាលស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានចុះអន្តរាគមន៍បន្ទាន់ភ្លាមៗ ដោយបានធ្វើការជន្លៀស និងនាំយកប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពទាំងយប់ភ្លាមៗ ហើយក្នុងហេតុការណ៍នៃគ្រោះធម្មជាតិដោយៀនន់ទឹកភ្លៀងដ៏អាក្រក់ មិនធ្លាប់មាននេះគឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វនោះទេ។ លោកក៏បានបញ្ជាក់ផងដែរថា៖បច្ចុប្បន្នស្ថានភាពនៃជំនន់ទឹកភ្លៀង ក្នុងស្រុកភ្នំព្រឹក បានធូរស្បើយវិញហើយ។

        ទាក់ទិនទៅនិងជំនន់ទឹកភ្លៀង នៅក្នុងស្រុកភ្នំព្រឹក និងបន្ទាប់ពីស្ថានភាពនៃទឹកជំនន់បានហូរស្រុងចុះរាយប៉ាយទៅផ្នែកខាងក្រោម វាក៏បានធ្វើឲ្យមានការប៉ះពាល់ទៅដល់ដំណាំកសិកម្មផ្សេងៗ រួមផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួន នៃស្រុកបវេលផងដែរ។តែដោយឡែកចំពោះបញ្ហានៃជំនន់ទឹកភ្លៀងនេះ បើតាមមន្ត្រីសំខាន់របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ វាពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទៅដល់ដំណាំទាំងនោះទេ ព្រោះជាទឹកជំនន់ ដែលមានរយៈពេលខ្លីប៉ុណ្ណោះ ។

        នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងគូសបញ្ជាក់ថាថ្វីត្បិតតែមានជំនន់ទឹកភ្លៀងអាក្រក់កើតឡើង នៅទីនេះបង្កឲ្យមានការប៉ះពាល់ដល់បងប្អូនក្នុងស្រុកភ្នំព្រឹក ក្នុងរយៈពេលខ្លី តែវាជាឱកាសល្អមួយផ្នែកដល់បងប្អូនប្រជាកសិករតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបវេល អាចទទួលផលល្អពីទឹកជំនន់នៅទីនេះ ដោយសារតែកន្លងមកពួកគាត់កំពុងត្រូវការទឹកដើម្បីស្រោចស្រពដំណាំស្រែពួកគាត់។ដូចនេះជំនន់ទឹកភ្លៀងនេះ អាចជួយឲ្យបងប្អូនបានទឹកប្រើប្រាស់ក្នុងការស្រោចស្រពដំណាំ និង បូមបញ្ចូលក្នុងស្រែ ដើម្បីជួយសង្គ្រោះស្រូវពួកគាត់ផងដែរ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner