សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បង្ហាញការដឹងគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការជាយុទ្ធសាស្ត្រ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំង ១១៨គ្រឹះស្ថានសិក្សា គាំទ្រ ចំពោះវិធានការជាយុទ្ធសាស្ត្រ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។ ការបង្ហាញការដឹងគុណនេះ ធ្វើឡើងបន្ទាប់ពី សារសម្លេងពិសេស របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការសម្រេច ឱ្យមានយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ដល់កុមារ និងយុវវ័យ សរុបប្រមាណ ២លាននាក់ នាពេលខាងមុន។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់សមាគម ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី ឆេង ប្រធានសមាគមគ្រឹះស្ថានសិក្សាកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងលិខិត ឯកឧត្តម លី ឆេង បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅក្រៃលែងឥតឧបមា ចំពោះដំណោះស្រាយជាតិ ប្រកបដោយបញ្ញាញាណ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលិខិត ការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដ៏ឧត្តុង្គឧត្តមនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ជាចម្បង និងគ្រប់កាលៈទេសៈរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រី ដល់វិស័យអប់រំ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបានបង្កើនឱកាស កាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញ នៅក្រោយពេលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់។

ថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ព្រមទាំង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត បានគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

អ្វីគួរកត់សំគាល់ក្នុងលិខិតថ្លែងអំណរគុណ គឺឯកឧត្តម លី ឆេង បានអរគុណដល់សន្តិភាព! និងថែមទាំងបានលើកឡើងថា “មាន សម្តេចតេជោ កម្ពុជាមានអ្វីៗទាំងអស់ មាន សម្តេចតេជោ មានការអភិវឌ្ឍលើគ្រប់វិស័យ!” ៕ ដោយ៖តាក្វាន់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner