លោកជំទាវ ដួង វណ្ណា និងសហការី នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងប្រគល់ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ២៩គ្រួសារ នៅស្រុកកំពង់រោទិ៍
ខេត្តស្វាយរៀង ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់រោទិ៍ ស្តីពី ករណីប្រជាពលរដ្ឋរងគ្រោះមហន្តរាយ នៅថ្ងៃចន្ទ១០កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងប្រគល់ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដែលបណ្តាលឲ្យខូចខាតផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន២៩ខ្នង ខូចខាតទាំងស្រុង៧ខ្នង មធ្យម១១ខ្នង ខូចខាតស្រាល១១ខ្នង និងរបួសមនុស្ស ១នាក់ ក្នុងស្រុកកំពង់រោទិ៍ នៅឃុំញរ ឃុំខ្សែត្រ និងឃុំសំឡី ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជា ពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយសូមសំដែង នូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយ ធម្មជាតិគ្មាននរណាម្នាក់ ចង់ជួបប្រទះឡើយ ។
លោកជំទាវក៏បានការបង្ហាញ នូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។ ហើយសូមអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួន ពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំ ជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងវិធាននានា របស់ក្រសួងសុខភិបាល ចំពោះបងប្អូន ដែលមិនទាន់បានទទួលវ៉ាក់សាំង សូមប្រញ៉ាប់ទៅចាក់តាមទីតាំងឲ្យបានគ្រប់ៗគ្នា ។
អំណោយដែលបានផ្តល់ជូន សម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមចំនួន ១៨ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំបាយ-សម្ល ២ ថវិកា ២០ម៉ឺនរៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ១១ គ្រួសារ ទទួលបានថវិកា ៦ម៉ឺន រៀល អ្នករបួស ១នាក់ ទទួលបានថវិកា ២០ម៉ឺន រៀល ៕