អាហ្វហ្គានីស្ថានកោះហៅ ប្រេសិតនិង អ្នកការទូតមកពីប្រទេសប៉ាគីស្ថានជុំវិញករណីចាប់កូនស្រីឯកអគ្គរដ្ឋទូត

ក្រសួង​ការបរទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ដក ឯកអគ្គរដ្ឋទូត​ និង​អ្នកការទូត​របស់​ខ្លួន​ចេញ​ពី​រដ្ឋធានី​ប៉ាគីស្ថាន​ បន្ទាប់​ពី​មាន​ការ​ចាប់​ជំរិត​កូនស្រី​របស់​ឯកអគ្គរដ្ឋទូត​ ដែល​នេះ​ជា​ការ​ប៉ះ​ទង្គិច​ថ្មី​មួយ​ចំពោះ​ទំនាក់​ទំនង​ នៅ​ក្នុង​ពេល​វេលា​ដ៏​រសើប​មួយ​សម្រាប់​ដំណើរ​ការ​ស្វែងរក​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​។

Silsila Alikhil ជា​កូនស្រី​របស់​លោក​ Najib Alikhil ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​នៅ​ ប្រទេស​ប៉ាគីស្ថាន​ត្រូវ​បាន​ចាប់​ជំរិត​ដោយក្រុម​មិន​ស្គាល់​មុខ​នៅ​ថ្ងៃ​សុក្រ​ ហើយ​ត្រូវ​បាន​ឃុំខ្លួន និង​រង​ការ​ធ្វើ​ទារុណកម្ម​អស់​រយៈពេល​ជាច្រើន​ម៉ោង​​ ដែល​បាន​បង្ក​ឱ្យ​មាន​របួស​ស្នាម​។ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​និយាយ​ ថា​ពួកគេ​កំពុង​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​នេះ។​

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​និង​អ្នក​ការទូត​ជាន់​ខ្ពស់​ឱ្យ​ត្រឡប់​មក​ទីក្រុង​កាប៊ុល​វិញ​រហូត​ដល់​ពេល​ដែល​មាន​ដំណោះស្រាយ​ទាំង​ស្រុង​ នូវ​ការ​គំរាម​កំហែង​សន្តិសុខ​រួម​ទាំង​ការ​ចាប់ខ្លួន​ និង​ការ​ផ្ដន្ទាទោស​ជន​ល្មើស​។ ក្រសួងការបរទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា​ Alikhiកំពុង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​នាង​ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាត​នៅពេល​ដែល​នាង​ត្រូវ​បាន​គេ​ចាប់​នាង​។

អនុ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក​ Amrullah Saleh បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «ការ​ចាប់​កូនស្រី​របស់​ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​និង​កា​រធ្វើ​ទារុណកម្ម​ជា​បន្ត​បន្ទាប់​ទៅ​លើ​ខ្លួន​នាង​ បាន​ធ្វើ​ឱ្យ​​ព្រលឹង​របស់​ជាតិ​យើង​រង​ការ​របួស​។ព្រលឹង​របស់​ជាតិ​យើង​បាន​រង​ការ​ធ្វើ​ទារុណកម្ម​»។

ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន​បាន​ និយាយ​ថា​គណៈ​ប្រតិភូ​អាហ្វហ្គានីស្ថាន​មួយ​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាគីស្ថាន​ ដើម្បី​វាយ​តម្លៃ​ស្ថានភាព ដែល​បន្ទាប់​ពី​នោះ​ «វិធាន​ការ​ជា​ច្រើន​នឹង​ត្រូវ​អនុវត្ត​»។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner