មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនក្រុមគ្រូពេទ្យនិងកងកម្លាំងទាំង៣ នៅបីមណ្ឌល ដែលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ខេត្តព្រះវិហារ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ រួមនឹងអភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកគ្រឿងបរិភោគទៅកាន់មណ្ឌលចំនួន ៣ ដែលកំពុងបើកដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងការអនុវត្តន៍ទៅតាមគោលការណ៍រាជរដ្ឋាភិបាល ដែលបានគ្រោងទុក ។ ការចុះទៅទីតាំងទាំង៣នោះ បានធ្វើឡើងនៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១នេះ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មានប្រសាសន៍ថា អំណោយជាគ្រឿងបរិភោគ ដែលបាននាំយកមកផ្តល់ជូន ដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងទាំង៣ នៅ ៣មណ្ឌល ដែលកំពុងបើកទទួលប្រជាពលរដ្ឋ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទីតាំង ៣នោះ គឺបានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្បែងមានជ័យ ,សាលាក្រុងព្រះវិហារ និងសាលាបឋមសិក្សាប៉ាលហាល ដែលស្ថិតនៅក្នុងក្រុងព្រះវិហារ ។ អំណោយទាំងនោះ រួមមាន ទឹកបរិសុទ្ធ ៤០កេស ,ភេសជ្ជៈបាកាស ១០កេស និងទឹកក្រូចកំប៉ុង ១១កេស ។

អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងឲ្យដឹងថា ដំណើរការចាក់វ៉ាងសាំងនៅក្នុងក្រុង បានធ្វើឡើងចាប់ពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យជំនាញ បានដំណើរការចាក់ទាំង ២ដូស នូវវ៉ាក់សាំង ២ប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលត្រូវចាក់ជូនប្រជាពលរដ្ឋនៅក្នុងព្រះវិហារ ចំនួន ១ម៉ឺន ៧៧០នាក់ ត្រូវធ្វើឡើងនៅ ៥ទីតាំងផ្សេងគ្នា គឺ នៅក្នុងបរិវេណសាលាបឋមសិក្សាត្បែងមានជ័យ មាន៣ទីតាំង និងនៅសាលាសង្កាត់ប៉ាលហាលមាន ២ទីតាំង។
លោកអភិបាលក្រុងព្រះវិហារ បានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ លើកនេះ មានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ នៅក្នុងសង្កាត់ប៉ាលហាល ហើយរដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់ទទីតាំងចំនួន ៦កន្លែង ជាពិសេស ផ្សារកំពង់ប្រណាក ត្រូវបានបិទខ្ទប់ជុំវិញបរិវេណផ្សារទាំងស្រុង ចំណែក ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានចូលរួមផ្តល់សំណាក់គ្រប់ៗគ្នាផងដែរ។ លោកថា ក្រោយការយកសំណាក់ និងក្រោយពីបិទខ្ទប់ផ្សារកំពង់ប្រណាកនោះមក អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង បានរៀបចំផ្សារលក់ដូរជាបណ្តោះអាសន្នមួយ ជូនអាជីវករ នៅក្រោយវិមានឯករាជ្យ សម្រាប់អាជីវករណា ដែលបានផ្តល់សំណាករួច និងរក្សាគម្លាតសង្គមបានយ៉ាងត្រឹមត្រូវ ហើយចាប់ពីថ្ងៃទី១៤កក្កដា មកដល់ថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំង មានចំនួន ៤ពាន់ ៦៨៩នាក់ ស្រី ២ពាន់ ៩៩៥នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner