អ្នកចាក់វ៉ាក់សាំងទី ៦លាន សម្ដែងក្ដីរីករាយ និងអរគុណសម្តេចតេជោ ក្រោយពេលបានចាក់វ៉ាក់សាំង ហើយទទួលបានថវិកាទៀត

អត្ថបទដោយ៖
ធី ដា

កំពង់ចាម៖ អ្នកស្រី ផេង សឿន មានអាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទី៦លាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញក្តីរីករាយក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩។ អ្នកស្រី ផេង សឿន ក៏បានបង្ហាញនូវក្តីត្រេកអរផងដែរនៅពេលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រោះប្រាក់រង្វាន់នេះ ក៏បានរួមចំណែកជួយដល់ជីវភាពរបស់អ្នកស្រី ដែលកំពុងមានស្ថានភាពខ្វះខាតផងនោះ។

លោកស្រី ផេង សឿន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការការពារសុខភាពរបស់គាត់ពីការយាយីនៃជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ អ្នកស្រី ក៏ទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយទទួលបានថវិកា ១០លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

អ្នកស្រី ផេង សឿន បានថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជាវ៉ាក់សាំងចាក់ឱ្យខ្ញុំ បានរស់រានមានជីវិត និងជួយឱ្យប្រជាជនទូទាំងប្រទេសមានសុខភាពមាំមួនការពារជំងឺកូវីដ១៩។

សូមជម្រាបថា រង្វាន់លើកទឹកចិត្តនេះ ត្រូវបានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង យកទៅប្រគល់ជូនអ្នកស្រី ផេង សឿន ដល់លំនៅឋាននាព្រឹកថ្ងៃទី២០ ខែកក្កា ឆ្នាំ២០២១ ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៦លាននាក់ ស្មើនឹងជាង ៦០ភាគរយហើយនៃចំនួនប្រជាពលរដ្ឋ ដែលកំណត់ក្នុងការចាក់វ៉ាក់សាំង។

រាជរដ្ឋាភិបាល គ្រោងបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងផែនការកំណត់ឱ្យរួចរាល់នៅអំឡុងខែវិច្ឆិកាឆ្នាំ២០២១នេះ។ លទ្ធផលនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺសម្រេចបានលឿនជាងផែនការ ដែលបានគ្រោងទុក។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៩ កក្កដាឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៦លាន៦ម៉ឺន១៣០៥ នាក់ហើយ ដែលស្មើនឹង៦០,៦១% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះ បានចាក់វ៉ាក់សាំងទី២ដូសរួច មានចំនួន ៤លាន១សែន៥ម៉ឺន៥ពាន់៧៩១នាក់ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner