បញ្ហាទិដ្ឋាការ ធ្វើអោយម្ចាស់មេដាយមាស កីឡាអាស៊ី សាលី អ៊ូមើត ខកខានមិនបានចូលរួម Jet Ski World Series 2021 នៅប៉ូឡូញ

ម្ចាស់មេដាយ មាស កីឡា អាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ខកខានចូលរួមប្រកួត កីឡាប្រណាំង ម៉ូតូទឹក ពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅ ប៉ូឡូញ ដោយសារបញ្ហា ស្នើសុំទិដ្ឋាការ (Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប ស្របពេលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥ ខែកក្កដា សប្ដាហ៍នេះហើយ ។

សាលី អ៊ូមើត បានបញ្ជាក់ថា ដំបូងត្រូវចេញ ទៅអាល្លឺម៉ង់ នោះដើមខែកក្កដា មុនបន្ដ ទៅ អូទ្រីស ដើម្បីយកម៉ូតូថ្មី ត្រៀមចូលរួម ប្រកួត នៅ ប្រទេស ប៉ូឡូញ ។ ប៉ុន្តែ ដោយសារបញ្ហា កូវីដ-១៩ បានធ្វើឲ្យ ការស្នើសុំ ទិដ្ឋាការ ចូលតំបន់អឺរ៉ុប ត្រូវពន្យារ ពេលជាបន្ដបន្ទាប់ រហូតត្រូវខកខាន ចូលរួម ការប្រកួតតែម្ដង ដោយសារ តែស្ថាតទូត អាល្លឺម៉ង់ ប្រចាំនៅប្រទេសថៃ នៅមិនទាន់ឆ្លើយតបនៅឡើយ។
អ៊ូមើត បានសម្ដែង ការសោកស្ដាយជាខ្លាំងក្រោយ បាត់ឱកាសប្រជែង ក្នុងការប្រកួត កម្រិតពិភពលោកនេះ ព្រោះ គេ បាន ខិតខំ ប្រឹងប្រែងហ្វឹកហាត់ ជាយូរព្រមទាំងទិញម៉ូតូថ្មី បែរជាខកខានទៅវិញ ។ យ៉ាងណាក្តី អ៊ូមើត បញ្ជាក់ថា ទោះបីខកខាន ការប្រកួតជុំទី១ នៅប៉ូឡូញ តែអាចចូលរួមប្រកួតជុំទី២ និងជុំទី៣ បាន តែមិនអាច ទទួលបានចំណាត់ ថ្នាក់។
ការ ប្រកួត កីឡា ម៉ូតូ ទឹក ពិភពលោក Jet Ski World Series 2021-2022 បាន បែងចែក ការប្រកួត ជា៣ជុំ នៅ៣ទ្វីបផ្សេងគ្នា ដោយជុំទី១ ផ្ដើមចេញពីការប្រកួតប្រចាំ តំបន់អឺរ៉ុប ដែលប្រទេស ប៉ូឡូញទទួល បាន សិទ្ធធ្វើម្ចាស់ផ្ទះ ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈជុំទី២ នឹង ប្រកួត នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ដែលជា ជុំកាត់សេចក្ដី នឹងប្រកួត ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅ ប្រទេស ថៃ ៕
