អាមេរិកបានកៀរគរសម្ព័ន្ធមិត្តជាច្រើនថ្កោលទោសក្រុងប៉េកាំង ដោយចោទថាបានវាយប្រហារតាមប្រព័ន្ធអុីនធឺណិតលើក្រុមហ៊ុន Microsoft

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១៩ កក្កដា អាមេរិកបានកៀរគរសម្ព័ន្ធមិត្តជាច្រើនថ្កោលទោសក្រុងប៉េកាំង ដោយចោទថាបានវាយប្រហារតាមប្រព័ន្ធអុីនធឺណិតលើក្រុមហ៊ុន Microsoft។ នេះបើតាម The Guardian ថ្ងៃទី២០ កក្កដា។

សមាជិកសហភាពអឺរ៉ុបខ្លះចោទក្រុងប៉េកាំងថាបានអនុញ្ញាតឱ្យពួក Hacker ធ្វើប្រតិបត្តិការពីទឹកដីរបស់ខ្លួន ខណៈអាមេរិក និងអង់គ្លេស បានចង្អុលចំៗលើរដ្ឋាភិបាលចិន និងបញ្ជាក់អំពីទំនាក់ទំនងរវាងក្រុមស៊ើបការណ៍សម្ងាត់ចិន និងពួក Hacker។

អ្នកនាំពាក្យស្ថានទូតចិនចាត់ទុក ការចោទប្រកាន់នេះ គឺជាការវាយប្រហារដោយគ្មានមូលដ្ឋាន ហើយវាគ្រាន់តែជាល្បិចចាស់មួយផ្សេងទៀតប៉ុណ្ណោះ។

សកម្មភាពនេះធ្វើឱ្យរដ្ឋបាលលោក Biden ឈានទៅរកសង្គ្រាមត្រជាក់ឌីជីថលកាន់តែស៊ីជម្រៅជាមួយចិន។

នៅខែមីនា ពួក Hacker ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ Microsoft Exchange ដែលជាម៉ាស៊ីនមេ។ ពួក Hacker ចិន អាចមើលអុីម៉ែលដោយសេរី ទិន្នន័យសាជីវកម្មសំខាន់ៗ និងកម្មសិទ្ធិបញ្ញា ប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកជាង ៣០.០០០។

ភ័ស្តុតាងដែល អាមេរិកលួចចូលប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនយក្សចិន Huawei ក៏ជាចំណុចស្នូលនៃការប្រឈមមុខគ្នារវាងក្រុងប៉េកាំង និងលោកខាងលិច។

ប្រភព៖ The Guardian

ads banner