អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានអ្នកដំណើរចំនួន១១ម៉ឺន៥ពាន់៣៥៣នាក់ ស្មើនឹង៤ពាន់១៣៤ជើងក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ (មានវីដេអូ)
ភ្នំពេញ៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍អោយដឹងថា រយៈពេល៥ខែដើមឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានអ្នកដំណើរចំនួន១១ម៉ឺន៥ពាន់៣៥៣នាក់ ស្មើនឹង៤ពាន់១៣៤ជើង ខណៈដែលការដឹកជញ្ជូនទំនិញមានចំនួន ២ម៉ឺន២ពាន់៩៧៣តោន ។
ឯកឧត្តមបានអោយដឹងទៀតថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ មានការធ្លាក់ចុះ៩២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានសម្លឹងឃើញនូវការកើនឡើងមកវិញ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ ។ ឯកឧត្តមបន្តថា បើយើងធៀបការដឹកជញ្ជូនតាមផ្លូវអាកាសនៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថា កានការធ្លាក់ចុះ៩២% យើងមិនទាន់ឃើញមានកំណើនវិញទេ ប៉ុន្តែបើមើលការដឹកជញ្ជូនទំនិញវិញឡើង ពីមុនធ្លាក់ចុះជាង៦០% នៅឆ្នាំ២០២០ ឥឡូវនេះបើយើងគិត៥ខែ ឃើញថយចុះតែជាង៣០%ទេ ។ ឯកឧត្តមបន្ថែមថា ការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ដោយសារការកើនឡើងនៃការប្រើប្រាស់ទំនិញច្រើន ដូចជាទំនិញតាមអនឡាញ និងការដឹកជញ្ជូនទំនិញផ្សេងទៀត រួមទាំងការដឹកជញ្ជូនវ៉ាក់សាំង និងបរិក្ខាពេទ្យជាដើម ។
ឯកឧត្តមបញ្ជាក់ទៀតថា តាមការព្យាការណ៍ការធ្វើដំណើរតាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើងវិញនៅឆ្នាំ២០២៣ខាងមុខនេះ ។ ដោយឡែកបើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានប្រក្រតីភាពឡើងវិញអាចក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ៕