ការនាំចេញរបស់ជប៉ុនកើនឡើង៤៨.៦%នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ (មានវីដេអូ)
ជប៉ុន៖ យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញអោយដឹងថា ការនាំចេញរបស់ជប៉ុនបានកើនឡើង៤៨.៦%នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំមុន ។ ការកើនឡើងនេះ លើសពីតួលេខព្យាករណ៍របស់ក្រុមអ្នកសេដ្ឋកិច្ចវិទូនៅក្នុងបោះឆ្នោតមួយនៅក្នុងកាសែតរ៉យទ័រ ដែលមានចំនួនត្រឹមតែ៤៦.២% ។
ប៉ុន្តែវាបានធ្លាក់ចុះតិច បើធៀបនឹងខែឧសភា ដែលកើនឡើង៤៩.៦% ជាការកើនឡើងប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ១៩៨០ ។ ដោយឡែកការនាំចូលរបស់ជប៉ុនវិញក៏បានកើនឡើង៣២.៧%ផងដែរនៅក្នុងខែមិថុនាឆ្នាំ២០២១នេះ បើធៀបនឹងខែមិថុនាដូចគ្នាកាលពីឆ្នាំមុន កើនលើសការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានចំនួន២៩.០%ប៉ុណ្ណោះ ។
ទន្ទឹមនេះ ប្រទេសជប៉ុនក៏បានរក្សាការវាយតម្លៃរួមនៃសេដ្ឋកិច្ចរបស់ខ្លួន មិនផ្លាស់ប្តូរក្នុងរយៈពេលពីរខែជាប់គ្នានៅក្នុងខែកក្កដាផងដែរ ដោយរក្សាទស្សនៈថា លក្ខខណ្ឌនៅតែធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត ។ រដ្ឋាភិបាលជប៉ុនបាននិយាយនៅក្នុងការវាយតម្លៃខែកក្កដា អំពីលក្ខខណ្ឌសេដ្ឋកិច្ចថា សេដ្ឋកិច្ចបង្ហាញពីភាពទន់ខ្សោយ ការកើនឡើងនៅផ្នែកខ្លះ បើទោះបីជាសេដ្ឋកិច្ចបន្តកើនឡើង ចំពេលមានស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ក៏ដោយ ៕ ប្រភព៖ CNA
