ក្រសួងសាធារណការទាត់ចោលការទាមទាររបស់មនុស្សមួយចំនួនដើម្បីទទួលបានការដឹកលើសទម្ងន់កំណត់

ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅថ្ងៃទី២០កក្កដាឆ្នាំ២០២១ ត្រូវគេឃើញបានប្រមូលផ្ដុំគ្នាយករថយន្តមកបិទផ្លូវ និងតវ៉ា នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ពួកគេបានទាមទារ៣ចំណុចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនគឺ ទី១ ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ចន្លោះចាប់ពី៩ទៅ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់បន្ថែមពីលើច្បាប់ដែលបានកំណត់ ទី២ ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត១ឆ្នាំ ក្នុងករណីផ្ទុកលើសទម្ងន់លើសពី២០%ឡើងទៅ និងទី៣ ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងមកឲ្យទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទផៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១កក្កដានេះ បានបញ្ជាក់ថា សំណើសុំទាំង៣ចំណុចនោះ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងបានបន្តថា ម្យ៉ាងទៀតម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តយន្តធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវ ឲ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមកម្រិតស្ដង់ដារនៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការបានបញ្ជាក់ថា កន្លងមក គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងទុកពេលវេលាសមស្របមុនឹនឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ជាធរមានផងដែរ។ គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់យានយន្តយកទៅរក្សាទុកចំនួនមួយឆ្នាំមាន១៧៣គ្រឿង ដោយសារពួកគេបានដឹកលើសទម្ងន់កំណត់លើសពី២០%ឡើងទៅ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner