មេដឹកនាំបក្សប្រឆាំងបេឡារុស ស្នើសុំឱ្យអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលបន្ថែមទៀត
វ៉ាស៊ីនតោន៖ មេដឹកនាំបក្សប្រឆាំងបេឡារុសលោកស្រី Sviatlana Tsikhanouskaya បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីបានស្នើដល់មន្រ្តីសហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសរបស់ខ្លួន ដែលរួមមានក្រុមហ៊ុនប្រេងឥន្ធនៈ ឈើ និងដែកថែប ក្នុងពេលលោកស្រីធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ស្វែងរកសកម្មភាពខ្លាំងក្លាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Alexander Lukashenko ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា វិធានការណ៍បែបនេះនឹងហួសពីការដាក់ទណ្ឌកម្មដែលមានស្រាប់ទៅលើសម្ព័ន្ធមិត្តនយោបាយ និងស្ថាប័នរដ្ឋាភិបាលរបស់លោក Lukashenko ហើយនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមេដឹកនាំរូបនេះ ដើម្បីធ្វើឱ្យលោកផ្លាស់ប្តូរអាកប្បកិរិយា និងដោះលែងអ្នកទោសនយោបាយ។
លោកស្រី Tsikhanouskaya អាយុ ៣៨ ឆ្នាំ ជាបេក្ខជននៅក្នុងការបោះឆ្នោតជំនួសឱ្យប្តីរបស់លោកស្រី លោក Sergei Tsikhanouskiy ជាអ្នកសរសេរវីដេអូប្លុកដែលត្រូវបានចាប់ដាក់ពន្ធធានាគារចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ ក្រោមបទចោទប្រកាន់ដូចជារំលោភសណ្តាប់ធ្នាប់សាធារណៈដែលលោកបានបដិសេធ។
អ្នកប្រឆាំងដែលនិរទេសខ្លួននៅបរទេសរូបនេះ បាននិយាយថា ការបោះឆ្នោតគ្រាន់តែត្រូវបានរៀបចំឡើងដើម្បីឱ្យមេដឹកនាំបច្ចុប្បន្នអាចរក្សាអំណាចបានប៉ុណ្ណោះ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោក Lukashenko បដិសេធ។
យោងតាមលទ្ធផលបោះឆ្នោតផ្លូវការ លោក Lukashenko ទទួលបាន ៨០ ភាគរយនៃសម្លេងសន្លឹងឆ្នោតកាលពីខែសីហា អាចឱ្យលោកបន្តកាន់តំណែងជាប្រធានាធិបតីអាណតិ្តទី ៦ របស់ខ្លួនរាប់តាំងពីឆ្នាំ ១៩៩៤ មក។ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ បាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេស ដែលឈានដល់ការចាប់ខ្លួនមនុស្សជាង ៣៥ ០០០ នាក់។