លោកឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា១០០លានរៀល និងត្រីខកំប៉ុង១ពាន់កេសជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារជំងឺកូវីដ១៩

ខេត្តកណ្តាល៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយា បានចូលរួមឧបត្ថម្ភថវិកា១០០លានរៀល និងត្រីខកំប៉ុង១ពាន់កេសជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារការរាតត្បាតជំងឺកូវីដ១៩ ។ថវិកា និងត្រីខកំប៉ុងត្រូវបានតំណាងរបស់លោកឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ។

ខេត្តកណ្តាល ក៏ជាខេត្តមួយដែលបានរងការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ ហើយអាជ្ញាធរបានដាក់ចេញវិធានការចាំបាច់ជាច្រើន ដើម្បីទប់ស្កាត់ការរាលដាលជំងឺ ។ ទន្ទឹមនឹងការដាក់ចេញវិធានការទប់ស្កាត់នេះ អាជ្ញាធរក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយសារការរាតត្បាតនៃជំងឺនេះផងដែរ ។ រដ្ឋបាលខេត្តកណ្តាលតែងតែផ្តល់ស្បៀងអាហារជាបន្តបន្ទាប់ជូនដល់ពលរដ្ឋដែលខ្វះខាត ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានចាត់ទុកទឹកចិត្តប្រកបដោយសប្បុរស និងពោរពេញដោយសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា និងភរិយា ជាកាយវិការដែលឆ្លុះបញ្ចាំងពីគុណធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលចងចាំទុកនៅក្នុងដួងចិត្ត ។

សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅអោយរហស្សនាមថា ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌ ។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះទេ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ ។ ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង ។ ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ ។ កាយវិការមនុស្សធម៌របស់ពួកគាត់ ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner