សម្ដេចតេជោ ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន ១លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាយើងទៀតហើយ ។

សម្ដេចតេជោ បន្តថា វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចបានលើកឡើងទៀតថា តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៦លានដូសហើយ។ នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមថា វ៉ាក់សាំងដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។ គិតត្រឹមថ្ងៃទី២១ ខែកក្កដា កម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៦លាន៣សែន៣ម៉ឺន៤៧៩២នាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner