បុគ្គលិកដោះមីនជិត​ ២០០នាក់ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅស្រុកសំឡូត បានទទួលអំណោយពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

អត្ថបទដោយ៖
ធី ដា

អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាលោក ទេសរដ្ឋមន្ត្រីលី ធុជ នៅព្រឹកថ្ងៃទី២២កក្កដាឆ្នាំ២០២១ បានប្រគល់នូវគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់បុគ្គលិកដោះមីនបម្រើការងារនៅអង្គការ MAG ចំនួន១៨៤នាក់ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅស្រុកសំឡូត ខេត្តបាត់ដំបង ។

រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា បុគ្គលិកដែលត្រូវធ្វើចត្តាឡីស័ក មានចំនួន១៨៤នាក់ ដែលជាអ្នកប៉ះពាល់ ដោយប្រយោល ជាមួយអ្នកកើតជម្ងឺកូវីដ-១៩ ជាបុក្គលិកអង្គការMAGដូចគ្នា ហើយគ្រោងនឹងបញ្ចប់ ចត្តាឡីស័កនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ខាងមុខ។ ក្រោយពីរកឃើញបុគ្គលិកវិជ្ជាមានកូវីដ-១៩ចំនួន៣នាក់ខាងលើកនោះភ្លាម រដ្ឋបាលស្រុក បានរៀបចំវិធានការទប់ស្កាត់ដោយឲ្យបុគ្គលិកវិជ្ជាមានចំនួន៣នាក់ទៅព្យាបាលកម្រិតស្រាលនៅវិទ្យាល័យសម្តេចឪក្រុងបាត់ដំបង។

ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបិទខ្ទប់ នៅតាមការិល័យរបស់អង្គការម៉ែកចំនួន៤ទីតាំងស្ថិតនៅឃុំមានជ័យ១ទីតាំងនិងឃុំស៊ុងចំនួន៣ទីតាំងដោយមិនអនុញ្ញាត ឲ្យដើរហើរដោយសេរីនោះទេ ពោលគឺ រង់ចាំ រយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យចេញធ្វើការងារធម្មតាឡើងវិញ។

លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ការធ្វើចត្តាឡីស័កនោះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ។ អំណោយជាគ្រឿងឧបភោគបរិភោគទាំងនោះ មានការចូលរួមចំណែកឧបត្ថម្ភពីអាជ្ញាធរមីន សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា រួមមាន អង្ករ, ទឹកបរិសុទ្ធ, ទឹកស៊ីអ៊ីវ, មី, ត្រីខកំប៉ុង, សាច់ក្រក, ត្រីងៀត, ម៉ាស់ និងអាកុល ។

ក្រៅពីគ្រឿងឧបភោគបរិភោគ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បាននាំយកនូវថវិកាឧបត្ថម្ភដល់អ្នកវិជ្ជមានកូវីដជាបុគ្គលិកអង្គការ MAG ចំនួន ៣នាក់ ដោយក្នុងម្នាក់ ៥០ម៉ឺនរៀល និងថវិកា៤លានរៀលទៀត សម្រាប់ការងារធ្វើចត្តាឡីស័កនោះផងដែរ។ សូមបញ្ជាក់ថា អង្គការ MAG បានបម្រើការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ហើយបច្ចុប្បន្ននេះ មានបុគ្គលិកចំនួន ៦១០ នាក់ ក្នុងនោះបុគ្គលិកបរទេសចំនួន ៧នាក់ ប្រតិបត្តការការងារនៅខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តរតនគីរី ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២០ អង្គការ MAG បានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រមាណ ៩៥ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចមីនប្រឆាំងមនុស្សបានចំនួន ៨ម៉ឺន១ពាន់៤៧ គ្រាប់ មីនប្រឆាំងរថក្រោះ ១ពាន់២៤០ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ២៦ម៉ឺន៩ពាន់៦៧៤គ្រាប់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner