អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ ការសាងសង់ព្រលានយន្ដហោះសៀមរាបថ្មីសម្រេចបានជាង៤៣% និង ភ្នំពេញថ្មី១៨.៩% ខណៈព្រលានយន្ដហោះតារាសាគរខេត្តកោះកុងនឹងដាក់អោយដំណើរការនៅចុងឆ្នាំនេះ (មានវីដេអូ)

ភ្នំពេញ៖ ដំណើរការសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបានជាង៤៣ភាគរយ និងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល សម្រេចបានជាង១៨.៩ភាគរយ ខណៈដែលព្រលានយន្ដហោះ តារាសាគរ នៅខេត្តកោះកុង នឹងអាចឲ្យដាក់ដំណើរការចុងឆ្នាំ២០២១នេះ ស្របពេលដំណើរការសាងសង់បានបញ្ចប់រួចរាល់ នេះបើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ។

ឯកឧត្តមថ្លែងថា វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននៅក្នុងខេត្តសៀមរាប គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបានជាង៤៣ភាគរយ ។ ដោយឡែក នៅអាកាសយានដ្ឋានភ្នំពេញថ្មី សម្រេចបាន១៨.៩ភាគរយ ។ ឯកឧត្តមបន្តថា ចំពោះព្រលានយន្ដហោះ តារាសាគរ នៅខេត្តកោះកុង បានបញ្ចប់ការសាងសង់រួចរាល់ហើយនៅចុងឆ្នាំ២០២០ នៅសល់តែលើការងារសំអាត និងការធ្វើតេស្ដបច្ចេកទេសមួយចំនួន ដែលត្រូវការពេលវេលាប្រមាណ៥-៦ខែទៀត នឹងអាចដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១នេះ ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ដែលការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេល៣៦ខែ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ។

ដោយឡែក គម្រោងព្រលានយន្តហោះភ្នំពេញថ្មី សាងសង់លើផ្ទៃដីទំហំប្រមាណ២ពាន់៦រយហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ ដោយវិនិយោគទឹកប្រាក់ចំនួន១ពាន់៥រយលានដុល្លារ ។ ចំពោះព្រលានយន្ដហោះ តារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ដែលគ្រោងនឹងដាក់អោយដំណើរការនៅចុងឆ្នាំ២០២១នេះ គឺជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner