រាជរដ្ឋាភិបាលកម្ពុជា បង្កើតអនុគណៈកម្មការដឹកនាំ ការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

នេះបើតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងសេចក្ដីសម្រេចនេះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានឯកឧត្តម ថោង លីម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិកចំនួន៧រូប។

អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានភារកិច្ចដូចខាងក្រោម៖

  • ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩
  • ដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩
  • តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលត្រូវបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩
  • លើកសំណើវិធានការថ្មី ឬកែសម្រួលវិធានការនានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែង នៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនគណៈប្រតិបត្តិនៃ គ.អ.ក
  • ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងធ្វើរបាយការណ៍ជាប្រចាំជូនគណៈប្រតិបត្តិនៃ គ.អ.ក និង
  • អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈប្រតិបត្តិនៃ គ.អ.ក ។

អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ស្ថិតក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុប្រធានគណៈប្រតិបត្តិ នៃ គ.អ.ក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner