អគ្គមេបញ្ជាការ៖ កម្ពុជានឹងបញ្ជូននាយទាហានទៅចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន

ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទគាំទ្រយ៉ាងពេញទំហឹង នឹងបញ្ជូននាយទាហានទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន ហើយសង្ឃឹមថា សមយុទ្ធរក្សាសន្តិភាពរវាងទ្វេភាគីកម្ពុជា និងចិន នឹងត្រូវបានរៀបចំឡើងនៅពេលសមស្របមួយបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានធូរស្រាល។ ការបញ្ជាក់នេះ នៅក្នុងខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ឡានឆាងមេគង្គប្រភពតែមួយ ចិន និងកម្ពុជា រួមចិត្តតែមួយ។ ត្បិតតែជំងឺកូវីដ-១៩ បានរារាំងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរក៏ពិតមែន ប៉ុន្តែមិនអាចរារាំងចំណងមិត្តភាពដូចបងប្អូនរវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរបានឡើយ។ អគ្គមេបញ្ជាការ បានបន្តថា លំហាត់រួមគ្នា “នាគមាស” ប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌ បានបោះជំហានទៅកាន់ខឿនថ្មីមួយទៀត។ លំហាត់រួមគ្នា “នាគមាស” ចិន និងកម្ពុជា រៀបចំបានចំនួន៤លើក ដោយចាប់តាំងពីឆ្នាំ២០១៦ ទំហំអ្នកចូលរួម និងឧបករណ៍មានការវិវឌ្ឍកាន់តែថ្មីច្រើន និងអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមជាអគ្គមេបញ្ជាការ បានដឹកនាំ និងចូលរួមពិធីបើក “នាគមាសឆ្នាំ២០១៩/២០២០” សូមសម្ដែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះជំនាញ យុទ្ធសាស្ត្រ និងឧបករណ៍ទំនើបៗរបស់កងទ័ពរំដោះប្រជាជនចិន និងកោតសរសើរខ្ពស់ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងជូនចំពោះជំនួយមនុស្សធម៌ដ៏ប្រពៃដល់ប្រជាជននៅក្នុងតំបន់។ កងយោធពលខេមរភូមិន្ទរីករាយជំរុញលំហាត់នាគមាសពីទ្វេភាគីក្លាយជាពហុភាគី បង្កើតជាកិច្ចសហប្រតិបត្តិការវិស័យយោធាក្នុងឧបទ្វីបឥណ្ឌូចិន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តទៀតថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រយោធាដំបូងគេមកកាន់កម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានផ្តល់ជំនួយជាសម្ភារបរិក្ខារជាច្រើនលើកសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសដល់កងយោធពលខេមរភូមិន្ទផងដែរ។ នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្ថានភាព និងទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងទាន់ពេលវេលាជូនដល់កងយោធពលខេមរភូមិន្ទ។ កងយោធពលខេមរភូមិន្ទរីករាយបន្តពិភាក្សារៀបចំលំហាត់វេជ្ជសាស្ត្ររួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលយោធាឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណបក្ស ប្រទេស និងកងទ័ពទាំងពីរ បានគាំទ្រ និងជួយគ្នាទៅវិញទៅមកលើផលប្រយោជន៍ស្នូល និងបញ្ហាចម្បង បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ ប្រទេស និងកងទ័ពនៅលើពិភពលោក។ ជាពិសេសនោះ គឺកងទ័ពទាំងពីរប្រទេសបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា និងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនលើវិស័យ រក្សាសន្តិភាព បោសសម្អាតមីន មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការយោធា និងវេជ្ជសាស្ត្រជាដើម បានបញ្ចូលអត្ថន័យថ្មីៗកាន់តែច្រើនក្នុងកិច្ចកសាងសហគមន៍វាសនារួមរវាងកម្ពុជា និងចិន ជាពិសេស គឺសហគមន៍យោធាទាំងពីរប្រទេសកម្ពុជា និងចិន។

ឆ្លៀតក្នុងឱកាសនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវអំណរសាទរជាថ្មីម្តងទៀត ជូនចំពោះគណបក្សកុម្មុនីស្តចិន និងកងទ័ពរំដោះប្រជាជនចិន។ កងយោធពលខេមរភូមិន្ទរីករាយឈរជាមួយកងទ័ពរំដោះប្រជាជនចិន អនុវត្តកុងសុងស៊ីសដែលថ្នាក់ដឹកនាំនៃគណបក្ស ប្រទេស និងកងទ័ពទាំងពីរ បានកំណត់ដោយយកចិត្តទុកដាក់ រៀបចំកិច្ចសហប្រតិបត្តិការជាក់ស្ដែងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានល្អ រួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ថែមមួយកម្រិតទៀតក្នុងការជំរុញទំនាក់ទំនងនៃគណបក្ស ប្រទេស និងកងទ័ព ទាំងពីរ ទប់ទល់រួមលើបញ្ហាប្រឈមជាសកល និងក្នុងតំបន់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner