ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់លោកអ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើសកម្មភាពធំដុំនោះទេ ហេតុដូច្នេះសូមពន្យារពេលអនុវត្តន៍ កិច្ចការសំខាន់ៗ​សិន ក្នុងនោះលោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភពេកទេ អ្វីៗនឹងអាចកែប្រែបានក្នុងពេលដ៏ខ្លីខាងមុខ។ ថ្ងៃនេះបើទោះជាលោកអ្នកមានពេលវេលាល្មមគ្រប់គ្រាន់ក្តី សូមចាប់ផ្តើមធ្វើការងារពីព្រឹកព្រលឹម ហើយពេលវេលាដែលនៅសេសសល់គួរប្រើប្រាស់ដើម្បិគូសវាងគម្រោងសម្រាប់ថ្ងៃខាងមុខ។ ដោយឡែក ប្រសិនបើអាចធ្វើបាន សូមកុំនិយាយផ្តោះម្តងយោបល់នឹងមនុស្សប្រុសទាបល្អិត។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែង។ រាល់កិច្ចការទាំងឡាយដែលអ្នកប៉ងប្រាថ្នាហើយគង់នឹងអាចសម្រេចផលទាំងអស់។ វេលាល្អនៅក្នុងថ្ងៃនេះអាចជួយយឹតយោងលោកអ្នកឲ្យបានទៅដល់ភាពចម្រើនលូតលាស់ក្នុងរយៈពេលយូរអង្វែងណាស់ ហេតុដូច្នេះសូមប្រឹងប្រែងសំឡឹងមើលលទ្ធភាព និងឳកាសនានា។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ពេលនេះជាពេលវេលាប្រសើរណាស់។ ប្រការដែលអ្នកគួរធ្វើជាដាច់ខាត គឺជៀសវាងរឿងរ៉ាវរបស់អ្នកដទៃ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចងាយទទួលរងនូវបញ្ហា មតិរិះគន់ ឬជម្លោះនៅក្នុងកន្លែងការងារ ក្នុងនោះបញ្ហាជាមួយថ្នាក់លើក៏អាចនឹងកើតមានផងដែរ អាស្រ័យហេតុនេះជម្រើសល្អបំផុត គឺការរក្សាភាពអត់ធ្មត់ កុំតបតដោយកំហឹង អ្វីៗត្រូវឈរលើមូលដ្ឋានច្បាស់លាស់ ពិសេសរក្សាភាពពិត និងពត៌មានច្បាស់លាស់។ ក្នុងនោះប្រសិនបើលោកអ្នកគិតចង់ផ្លាស់ប្តូរការងារ បង្កើតមុខរបរថ្មី ឬប្រើប្រាស់លុយកាក់ នោះភាពខកបំណងនឹងកើតឡើងខ្ពស់។ សូមព្យាយាមផ្អាករាល់ការងារទាំងឡាយឲ្យនៅធម្មតាសិន ហើយព្យាយាមសម្របទៅតាមស្ថានភាពសិន នោះលោកអ្នកនឹងមិនប៉ះពាល់ធ្ងន់ធ្ងរ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្មយ៉ាងប្រសើរបំផុត។ ចំពោះលោកអ្នកដែលធ្វើកិច្ចការទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យផលចំនេញនឹងកើនឡើងលើសពីការរំពឹងទុក។ ផ្ទុយទៅវិញ ថ្ងៃនេះទាមទារឲ្យលោកអ្នកជឿជាក់ទៅលើសមត្ថភាពខ្លួនឯង ហើយបោះបង់ចោលការប៉ងប្រាថ្នាសុំជំនួយ ពីព្រោះអ្នកដទៃមិនអាចជួយសម្រួល ឬរំលែកការងាររបស់អ្នកបានល្អនោះទេ។ ដោយឡែក សូមថ្លឹងថ្លែងសេចក្តីសុខផ្ទាល់ខ្លួន និងការងារ ពីព្រោះលោកអ្នកកំពុងធ្វើឲ្យមានអតុល្យភាពលើចំណុចទាំងពីរ។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី លោកអ្នកអាចនឹងទទួលបានផលលាភកាន់តែល្អប្រសើរនៅរវាងពេលរសៀល មុនពេលបញ្ចប់ការងារនៅថ្ងៃនេះ។ ដោយឡែក សូមរក្សាពត៌មាន ឬចំណុចសំខាន់នៃការងាររបស់អ្នកឲ្យបានគត់មត់ ពីព្រោះការបាត់បង់ពត៌មាន ឬការចាញ់បោកមានសញ្ញាណកើតឡើងមួយចំនួន។ ចំពោះការពិភាក្សាផ្តោះប្តូរយោបល់ គួរតែត្រូវធ្វើឡើងក្នុងរង្វង់តូចចង្អៀត គួរជ្រើសរើសមនុស្សដែលគួរឲ្យទុកចិត្តបំផុតទៅបានហើយ។ ដោយឡែក​ ភាគច្រើនអ្នកអាចយល់ដឹងពីបញ្ហាបានរហ័ស។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការសម្រេចចិត្តរបស់លោកអ្នកអាចងាយទទួលរងការគាប់សង្កត់ ឬឥទ្ធិពលពីខាងក្រៅច្រើន។​ ក្នុងនោះការតបតនឹងធ្វើឲ្យលោកអ្នកអស់បំលាំង និងភាពអត់ធ្មត់ទៅវិញ។ អ្នកគួរចំណាយពេលវេលាគិតគូររាល់ហេតុដែលបានកើតឡើង ហើយស្វែងរកផ្លូវដោះស្រាយដោយយោងទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរសប់ខ្លួនឯង។ ទាំងនេះមិនមែនមានន័យថា អ្នកត្រូវច្រានចោលមតិយោបល់អ្នកដទៃទាំងស្រុងនោះទេ ប៉ុន្តែសូមពិចារណាមុនការជឿជាក់នរណាម្នាក់។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ លោកអ្នកអាចរំពឹងថានឹងទទួលបានដំណឹងល្អសម្រាប់ការអភិវឌ្ឍន៍ការងារ ក្នុងនោះដំណើរបេសកកកម្មផ្លូវឆ្ងាយក៏អាចនឹងកើតឡើងផងដែរ។ ថ្ងៃនេះមានអំណោយផលយ៉ាងប្រសើបំផុត សម្រាប់ការពិភាក្សាការងារតូចធំនានា ដូច្នេះសូមកុំចំណាយពេលវេលាចោល ស្វះស្វែងបញ្ចេញគម្រោងការងារដែលអ្នកបានគ្រោងទុក។ ដោយឡែក សម្រាប់បញ្ហាតូចតាចដែលទាក់ទងនឹងឯកសារអាចកើតឡើង ដូច្នេះសូមពិនិត្យពិច័យ ឬរក្សាពត៌មានឲ្យបានល្អ។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ប៉ុន្តែក៏ត្រូវប្រយ័ត្នប្រយែងក្នុងការជឿទុកចិត្តអ្នកដទៃផងដែរ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកទទួលរងភាពខ្វះចន្លោះផ្នែកពត៌មានច្រើន ដែលជាហេតុធ្វើឲ្យជាប់គាំងនៅកណ្តាលផ្លូវ។ អាស្រ័យដោយហេតុនេះ សូមកុំចាកចេញឆ្ងាយពីផែនការអនុវត្ត ហើយសូមក្តោបក្តាប់ស្ថានការណ៍នានាឲ្យបានល្អ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារណាមួយ សូមចងចាំថាកុំទាន់លែងជើងក្រោយ មុនជើងមុខរបស់អ្នកឈរបានហ្នឹងហ្ន៎សិន។ ដោយឡែក សូមបោះបង់ចោលការសង្ស័យច្រើនហួសកំរិត ពីព្រោះវាបង្អាក់អ្នកពីការទទួលបានផលដែលល្អគាប់ចិត្ត។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ លោកអ្នកនឹងក្លាយទៅជាម្ចាស់នៃភាពជោគជ័យទាំងឡាយ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវបារម្ភសោះឡើយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្ត គឺលោកអ្នកអាចផ្លាស់ប្តូរបានទៅតាមបំណង។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះភាពជោគជ័យគឺនៅពីមុខរបស់អ្នកតែម្តង។ ក្នុងនោះ ចូរយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ការចាយវាយច្រើន ឬទុកដាក់ឲ្យគេខ្ចីបុលនឹងមិនប្រសើរទេ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ​ ហើយផ្លូវជោគជ័យកាន់តែប្រសើរគឺស្ថិតនៅលើគន្លងផ្លូវដែលអ្នកកំពុងដើរ។ ហេតុនេះ សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចាទាំងឡាយណាដែលទាមទារការសម្រេចចិត្តលឿនពេក ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របទេនៅពេលនេះ។ ដោយឡែក លោកអ្នកមានអំណោយផលក្នុងការដោះស្រាយបញ្ហាបានជោគជ័យ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលកន្លងមក។ ចំពោះការងារថ្មី ការបណ្តាក់ទុន គឺអាចស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ហេតុដូច្នេះបើអាចគួរកុំទាន់ចាប់យកការងារថ្មី ប៉ុន្តែចំណាយពេលផ្តោតលើភារកិច្ចបច្ចុប្បន្នឲ្យបានល្អ នោះនឹងឃើញថាប្រសើរជាង។ ដោយឡែកក្នុងពេលនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័រហួន ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងរកឳកាសដើម្បីកែប្រែបាន។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុន គឺនឹងឃើញថាទទួលបានផលល្អប្រសើរខ្លាំងណាស់។ ចំពោះបញ្ហាខ្លះអាចនឹងកើតឡើង តាមរយៈមនុស្សនៅក្បែរខ្លួនអ្នកតែម្តង ហេតុនេះមានតែលោកអ្នកប៉ុណ្ណោះដែលអាចមានលទ្ធភាពកែប្រែស្ថានការណ៍ឲ្យប្រសើរ ឬក៏បណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងស្ថានភាពវឹកវរនេះ។ ការចាកចេញឲ្យបានឆ្ងាយពីបញ្ហា គឺតែងតែជាជម្រើសដ៏ល្អ។ ក្រៅពីនេះ លោកសូមលោកអ្នករកពេលឈប់សម្រាកខ្លះទើបល្អ។

ចំណាំ៖

អស្ចារ្យណាស់ ឆ្នាំទាំង៤ ឆ្លូវ មមី វក កុរ​ រាសីឡើងខ្ពស់ត្រដែរ។ លោកអ្នកកំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំចំពោះរាល់ការងារទាំងឡាយ។​ ក្នុងនោះឋានៈការងារនឹងទទួលបានដំណឹងផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner