លោកជំទាវ ម៉ែន សំអន ប្រកាសទទួលស្គាល់សមាសភាព​គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ តាមរយៈ ប្រព័ន្ធ ZOOM ដែលជារបៀបធ្វើការតាមគន្លងថ្មី នាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់អង្គពិធីទាំងមូល ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ លោកជំទាវ ជូ ប៊ុនអេង និងថ្នាក់ដឹកនាំរបស់ស្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចក្នុងរយៈពេលកន្លងមក រហូតទទួលបានជោគជ័យគួរជាទីមោទនៈ ដែលបានជំរុញមន្ត្រីរាជការជានារីបានរួមចំណែកកាន់តែសកម្មថែមទៀត​ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម” ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងខណៈពេលដែលគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍន៍របស់ក្រសួងពុំទាន់បានបង្កើតយ៉ាងណាក៏ដោយ ។

ដោយឡែកថ្ងៃនេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានត្រូវប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងមហាផ្ទៃ រួមជាមួយសមាជិកា ២៩រូបទៀតក្រោមឱវាទផងដែរ តាមយរៈ សេចក្តីសម្រេចលេខ ០៦១/២០ នកសអ/សសរ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អានុសាសន៍ ជូនដល់សមាសភាពគណៈកម្មាធិការសមាគមនារី នៃក្រសួងមហាផ្ទៃដែលត្រូវបានប្រកាសជាផ្លូវការនាថ្ងៃនេះ នូវអនុសាសន៍ មួយចំនួន ដូចខាងក្រោម៖
១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយនូវគោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។ ជាពិសេស ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័យប្រកបដោយប្រសិទ្ធិភាព មិន្តត្រូវបង្ករការលំបាក អាក់ខានដល់ប្រជាពលរដ្ឋឡើយ បើទោះបីជាការផ្តល់ និងការទទួលសេវាមិនបានជួបជុំគ្នាច្រើនក៏ដោយ ។
២- ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តិនូវតួនាទីភារកិច្ច និងត្រូវបែងចែកភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសាខាសមាគម នារីក្រសួងដែលទើបបានតែងតាំងនាពេលនេះ ត្រូវរបៀបឲ្យមានរបបប្រជុំ និងរបៀបរបបដោះស្រាយបញ្ហា ដើម្បីការពារផលប្រយោជន៍ដល់ស្ត្រី នៅក្រសួងមហាផ្ទៃក៏ដូចជាផលប្រយោជន៍ស្ត្រីនៅថ្នាក់ក្រោមជាតិផងដែរ ។
៣- អនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត ២០២២-២០២៣ ។
៤- ជំរុញឱ្យស្រ្តីដែលមានតួនាទី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចតាមជំនាញនីមួយៗក្នុងការកសាងនិងបង្កើនសមត្ថភាព ជំនឿជឿជាក់លើខ្លួនឯង ដើម្បីឱ្យស្រ្តី ទទួលបានឋានៈតួនាទី និងចូលរួមធ្វើសេចក្តីសម្រេចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
៥- ត្រូវបន្តផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារី ពង្រឹងសមាជិកចាស់ និងពង្រីកសមាជិកថ្មី និង បង្កើតអនុសាខាសមាគមនារីរបស់ក្រសួងមហាផ្ទៃឲ្យសមស្រប តាមបច្ចុប្បន្នភាពរបស់ក្រសួងមហាផ្ទៃ ។
៦- ពង្រឹងនិងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។ ជាពិសេសត្រូវចេះសហការ និងទទួលយកនូវការដឹកនាំនិងការផ្តល់យោបល់ជាមួយថ្នាក់ដឹកនាំក្រសួង។
៧- ត្រូវធ្វើរបាយការណ៍ជាប្រចាំជូនថ្នាក់ដឹកនាំរបស់ក្រសួង និងសមាគមនារីថ្នាក់កណ្តាល ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner