ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៣៦២លានយេនក្នុងគម្រោង«JDS» (Video Inside)

កម្ពុជា និងជប៉ុន បានចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៣៦២លានយេន ឬប្រមាណ៣លាន ៣សែន១ម៉ឺនដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»នៅកម្ពុជាក្នុង ឆ្នាំ២០២១។ គំរោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅកាត់ថា «JDS»  គឺជាគម្រោងដែលបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។

ហិរញ្ញប្បទានឥតសំណងនៃគម្រោង«JDS» នេះ បានចុះហត្ថលេខានាព្រឹក ថ្ងៃទី២៦កក្កដា រវាងឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ជាមួយនឹងរដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន នៅទីស្ដី ការក្រសួងការបរទេស។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា តាមរយៈជំនួយនោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន២៦រូប ដែលក្នុងនោះ២៤រូបរៀនថ្នាក់អនុបណ្ឌិត និង២រូបរៀនថ្នាក់បណ្ឌិត នឹងទទួលបានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។ លោកប្រាក់សុខុនបានបញ្ជាក់ថា អស់រយៈពេលជាង២០ឆ្នាំមកនេះ JDS បានផ្តល់អាហារូបករណ៍ ដល់មន្រ្តីកម្ពុ ជាប្រមាណ៥០០នាក់ហើយ ដែលក្នុងនោះរួមមាន ២៤នាក់ដែលជាមន្ត្រីរបស់ក្រសួងការបរទេសកម្ពុជា។

ជប៉ុនគឺជាប្រទេសមួយដែលបាននិងកំពុងគាំទ្រខ្លាំងក្លា ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងពេល ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាបច្ចុប្បន្ននេះថែមទៀត។ ជប៉ុន បានផ្ដល់ជំនួយឥតសំណង ជាង៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ២៣០លានដុល្លារ និងកាលពីថ្ងៃសុក្រសប្តាហ៍មុនវ៉ាក់សាំងនៃជំនួយ ជប៉ុនចំនួន៣៣ម៉ឺន២ពាន់ដូសក្នុងវ៉ាក់សាំងសរុប១លានដូស ត្រូវបានដឹកមកដល់កម្ពុជារួចមកហើយផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner