សហរដ្ឋអាមេរិករក្សាការរឹតត្បិតលើការចូលមកប្រទេសខ្លួន ដោយសារតែការកើនឡើងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta
អាមេរិក៖ រដ្ឋាភិបាលអាមេរិកនឹងរក្សាការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិចូលមកក្នុងប្រទេសរបស់ខ្លួន ដោយទុកចោលសិននូវសម្ពាធរបស់សហភាពអឺរ៉ុប ដោយសារតែការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta នៅក្នុងស្រុក និងក្រៅប្រទេស ។
បច្ចុប្បន្នករណីឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក ដែលភាគច្រើនគឺដោយសារករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ទោះបីជាវ៉ាក់សាំងអាចរកបានច្រើនហូរហៀរ ។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សារគី បានប្រាប់អ្នកយកព័ត៌មានថា យើងនឹងរក្សាការរឹតបន្តឹងលើការធ្វើដំណើរដែលមានស្រាប់នៅចំណុចនេះ ហើយថា វីរុសបម្លែងខ្លួនថ្មី Delta ដែលឆ្លងកាន់តែលឿនកំពុងសាយភាយទាំងនៅទីនេះ និងជុំវិញពិភពលោក ។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា សេតវិមានបានព្យាករណ៍ថា ករណីឆ្លងជំងឺកូវីដ១៩នឹងបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ៕ ប្រភព៖ Bangkok Post