កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារ រងគ្រោះ ដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមប្រតិបត្តិសាខានិងអនុសាខា ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក ឈ្មោះ ហ៊ុន មុន្នី អាយុ១ឆ្នាំ និងម្តាយឈ្មោះ ឡាច វុទ្ធី អាយុ ៣១ឆ្នាំ រស់នៅភូមិវាល សង្កាត់គោចក ក្រុងសៀមរាប ដែលរងរបួសរលាកដៃ ដោយសារលូកយកកូនពីក្នុងឆ្នាំង ដែលបច្ចុប្បន្នជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យព្រះបាទជ័យវរ្ម័នទី៧ ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកមានប្រសាសន៍បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានកម្រិតក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយដំណែក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឧកាសនោះផងដែរ លោកនាយកផ្តាំផ្ញើគ្រួសាររងគ្រោះ ត្រូវបន្តគោរពវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ -១៩ ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ។

គួររំលឹកថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនោះមាន៖ មុង២ , ភួយ២ , សារុង ២ , ក្រមា ២ , កន្ទេល២ , អង្ករ ៦០គីឡូក្រាម , មី ២កេស , ត្រីខ ២យួរ និងថវិកា ៦០ម៉ឺនរៀល ជាមួយគ្នានោះដែរអនុសាខាក្រុងបានជួយឧបត្ថម្ភទឹកដោះគោឆៅចំនួន ៣យួរ និងថវិកា ចំនួន២០ម៉ឺនរៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner