ការស្តារប្រឡាយ បឹងទំពន់ បានបញ្ចប់ការងារ ១០០ភាគរយហើយ ជាមួយនឹងសំរាម និងស្មៅបណ្តែតទឹកជាង ២៥០០ឡាន
ភ្នំពេញ៖ ការស្តារប្រឡាយ បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់ ១០០ភាគរយហើយ ក្រោយពីក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបានជាង២៥០០ឡានស្មើនិងជាង១ម៉ឺន២ពាន់ម៉ែត្រគូប។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កក្កដានេះថា ៖ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពី ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ ញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ កក្កដា ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ១២០៥០ម៉ែត្រគូប។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
លោកដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕