រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងទូរស័ព្ទឡើយវិញ ក្រោយកាត់ផ្ដាច់អស់ជាង ១ឆ្នាំ
រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានភ្ជាប់ប្រព័ន្ធទំនាក់ទំនងទូរស័ព្ទឡើងវិញកាលពីថ្ងៃអង្គារ ក្រោយខាងព្យុងយ៉ាងកាត់ផ្ដាច់អស់ជាង ១ឆ្នាំ។
យោងតាមការលើកឡើងរបស់លោក Park Soo-hyunអ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានឱ្យដឹងថា ការភ្ជាប់ប្រព័ន្ធទូរស័ព្ទនេះធ្វើឡើង ក្រោយពេលដែលលោក Moon និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ផ្ញើសារលិខិតទៅឱ្យគ្នាទៅវិញទៅមកតាំងពីខែមេសាមក ដើម្បីគម្រប់ខួប ៣ឆ្នាំនៃកិច្ចប្រជុំលើកទីមួយរវាងថ្នាក់ដឹកនាំទាំងពីរ។
ចំណែកសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA វិញបានចុះផ្សាយថា ប្រព័ន្ធទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរបានភ្ជាប់ឡើងវិញនៅម៉ោង ១០ព្រឹក (ម៉ោងនៅកូរ៉េខាងជើង) កាលពីថ្ងៃអង្គារ។
បន្ថែមពីលើនេះទៅទៀត ទាំងកូរ៉េខាងជើង និងខាងត្បូងបានលើកឡើងស្រដៀងគ្នាថា តាមរយៈប្រព័ន្ធទំនាក់ទំនងនេះ ពួកគេសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង។
កូរ៉េខាងជើងបានកាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទជាមួយកូរ៉េខាងត្បូងកាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅ ក្រោយពេលដែលទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ចំណុចទាបមួយ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Kim និងលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩ ជួបរឿងបរាជ័យ ដោយសារតែមិនបានព្រមព្រៀងគ្នាលើរឿងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕

ប្រភព៖ Reuters