រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល នឹងចែករំលែកការរកឃើញដំបូងនៃការត្រួតពិនិត្យលើក្រុមហ៊ុន NSO ជាមួយបារាំង
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz គឺគ្រោងនឹងចែករំលែកការរកឃើញដំបូងនៃការត្រួតពិនិត្យលើក្រុមហ៊ុនបច្ចេកវិទ្យាឃ្លាំមើល និងចារកម្មអ៊ីស្រាអែល NSO Groups ជាមួយបារាំង។
លេខទូរស័ព្ទប្រធានាធិបតីបារាំងលោកអេម៉ាញូអែល ម៉ាក្រូនត្រូវបានគេរកឃើញក្នុងបញ្ជីមនុស្សដែលអាចជាគោលដៅឃ្លាំមើលរបស់អតិថិជនប្រើប្រាស់កម្មវិធីចារកម្ម Pegasus របស់ក្រុមហ៊ុន NSO។ មេដឹកនាំបារាំងរូបនេះបានទាមទារឱ្យអ៊ីស្រាអែលបើកការស៊ើបលើការរំលោភបំពានដោយអតិថិជនរបស់ NSO។
ខុទ្ទកាល័យរបស់លោក Benny Gantz បាននិយាយថាលោកនឹងធ្វើដំណើរទៅបារាំងដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly អំពីវិបត្តិនៅប្រទេសលីបង់ និងការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយក្នុងកំឡុងពេលនេះលោក Gantz នឹងចែករំលែកការរកឃើញដំបូងក្នុងការពិនិត្យលើក្រុមហ៊ុន NSO។
ក្រសួងការពារជាតិអ៊ីស្រាអែល គឺកំពុងដឹកនាំក្រុមការងារអន្តរក្រសួងមួយដែលកំពុងស៊ើបអង្កេតពីការចោទប្រកាន់ថាអតិថិជនរបស់ NSO បានប្រើប្រាស់ Pegasus ដើម្បីឃ្លាំមើលអ្នកសារព័ត៌មាន អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល ដែលផ្ទុយពីគោលបំណងដើមសម្រាប់ការឃ្លាំមើលឧក្រិដ្ឋជន និងភេរវករ។
NSO បានច្រានចោលការចោទប្រកាន់ទាំងនេះ ប៉ុន្តែព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថាការស៊ើបអង្កេតរបស់រដ្ឋាភិបាលបានរកឃើញថាពិតជាមានការរំលោភបំពានបែបនេះពិតមែន។ រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុន NSO មិនបានអត្ថាធិប្បាយទៅលើរបាយការណ៍នេះទេ៕


ប្រភព៖ Reuters