លោកបណ្ឌិត គិន ភា ៖ កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងមាំ
ភ្នំពេញៈ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងវេទិកាពិធីបិទកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា នេះថា កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាព គឺកត្តាប្រវត្តិសាស្ត្រកត្តានយោបាយ កត្តាសេដ្ឋកិច្ច កតា្តវប្បធម៌ កត្តាមេដឹកនាំ។
លោកបណ្ឌិត គិន ភា
លោកបណ្ឌិត គិន ភា បានធ្វើការកត់សម្គាល់ នូវកត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាពជាបងប្អូន មានដូចជាៈ
ទី១.កត្តាប្រវត្តិសាស្ត្រ៖ កម្ពុជានិងចិនមានចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ សិលាចារឹកនិងឯកសារតឹកតាងប្រវត្តិសាស្ត្រជាច្រើន បានកត់ត្រានូវចំណងទំនាក់ទំនងនេះ។
ទី២.កត្តានយោបាយ៖ ប្រទេសកម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតមួយរបស់ ចិននៅអាស៊ីអាគ្នេយ៍ ហើយប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ និងនៅគ្រប់វេទិកាតំបន់និងអន្តរជាតិ។
ទី៣.កត្តាសេដ្ឋកិច្ច៖ ប្រទេសចិនគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំជាងគេ ជាម្ចាស់ជំនួយដ៏សំខាន់ជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ កម្ពុជា។
ទី៤. កតា្តវប្បធម៌៖ តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសាចិន បានកប់យ៉ាង ជ្រៅនៅក្នុងទិដ្ឋភាពជាច្រើននៃសង្គមកម្ពុជា។
ទី៥.កត្តាមេដឹកនាំ៖ ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ តែងមានភាពជិតស្និទ្ធនឹងសម្តេចព្រះនរោត្តមសីហនុ ហើយបានបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយព្រះអង្គ ហើយថ្នាក់ដឹកនាំចិនបច្ចុប្បន្នបានរក្សាមិត្តភាពដ៏ជ្រាលជ្រៅនេះជាមួយព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃកម្ពុជា។
លោកបណ្ឌិតបានបន្តថា ក្នុងទំនាក់ទំនងជាបុគ្គល សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតជាមួយប្រទេសចិន, ព្រះអង្គបានចាត់ទុកប្រទេសចិនជាមាតុភូមិទី២របស់ព្រះអង្គ។ ព្រះអង្គបានចំណាយពេលភាគច្រើននៃជីវិតរបស់ព្រះអង្គ គង់ប្រថាប់នៅប្រទេសចិន រហូតដល់ថ្ងៃព្រះអង្គសោយទិវង្គត។ ក្នុងពិភពលោកនេះ តើមានមេដឹកនាំប្រទេសណា ដែលស្រឡាញ់ស្មោះស្ម័គ្រនឹងប្រទេសចិនជាងសម្តេចព្រះនរោត្តម សីហនុ? ខ្ញុំគិតថា ពិតជាគ្មានទេ។ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏បរិសុទ្ធរបស់ព្រះអង្គចំពោះប្រទេសចិន សម្តេចព្រះនរោត្តមសីហនុ បាននិពន្ធបទចម្រៀងចំនួន៣បទពាក់ព័ន្ធនឹងប្រទេសចិន បទទី១«ស្រណោះប្រទេសចិន» (Nostalgia of China) បទទី២ «ជយោ! ប្រជាមានិតចិន! ជយោ! លោកប្រធាន ម៉ៅ សេទុង !Long Live People’s China! Long Live Chairman Mao Zedong!) និងបទទី៣ ជាបទប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត គឺ «ឱ! ប្រទេសចិន! មាតុភូមិទីពីរនៃខ្ញុំ!» (Oh China, My Dear Second Homeland!)។ ព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ក៏បន្តពូនជ្រំទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិនយ៉ាងខ្ជាប់ខ្ជួន។ លើសពីនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកបន្តវេនជ្រោងទង់ទំនាក់ទំនងកម្ពុជា-ចិន ឱ្យខ្ពស់ត្រដែតទ្វេឡើងថែមទៀត។
លោកបានបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ, ពីមួយឆ្នាំទៅមួយឆ្នាំ, ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍ដែលមានជោគវាសនារួមគ្នា ជាមិត្តដែកថែប និងជាមិត្តភាពជាបងប្អូនល្អ។ ជំងឺកូវីដ-១៩ជាវិញ្ញាសាដ៏ធំមួយក្នុងការសាកល្បងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន។ ដោយប្រទេសកម្ពុជាជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនក្នុងនាមជាមិត្តដ៏រឹងមាំបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើការជាមួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដែលមិនត្រឹមតែបង្កប់នូវចំណងមិត្តភាពពិសេសរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់ប្រទេសចិនក្នុងការកសាងសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាផងដែរ។ប្រទេសទាំងពីរប្រកាន់ជំហរពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបុព្វហេតុ សម្រេចឱ្យបាននូវអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ ចំណងមិត្តភាពកម្ពុជា-ចិនពិតជានឹងឆ្ពោះទៅរកសហគមន៍ដែលមានអនាគតរួមគ្នា ដែលប្រទេសនិងប្រជាជនទាំងពីរមានការរីកចម្រើនរួមគ្នាប្រកប ដោយសុខដុមរមនា។ទំនាក់ទំនង នេះបានក្លាយជាគំរូនៃការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានប្រកប ដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេសនានា (a model of friendly coexistence and close cooperation among countries)។
ទោះជាបែបនេះក្តី កម្លាំង អមិត្តខាងក្រៅពិតជាមិនចង់ឃើញភាពរីកចម្រើននៃ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនោះទេ ពួកគេតែងប្រឌិតរឿងរ៉ាវ និងរៀបចំឈុតឆាកជាច្រើនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ក្នុងន័យនេះប្រទេស ចិនត្រូវតែជួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសគំរូមួយលើការអភិវឌ្ឍដោយសារតែមានទំនាក់ទំនងដ៏ល្អនិងស៊ីជម្រៅជាមួយប្រទេសចិន។
ទន្ទឹមនឹងនោះ កិច្ចការបន្ទាន់មួយទៀត ដែលយើងជាបញ្ញវន្តត្រូវធ្វើ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ គឺការចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជានិងចិនដល់ប្រជាជនយើងទាំងពីរឱ្យបានទូលំទូលាយ ពង្រីកការស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅ ពង្រឹងវប្បធម៌សន្ទនា រៀនសូត្រពីគ្នាទៅវិញទៅមក និងពិភាក្សាគ្នាដោយភាពស្មោះត្រង់ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការកំណត់ទិសដៅថ្មីបំផុតក្នុងការចាប់យកសក្តានុពលនៃការអភិវឌ្ឍរួមគ្នា។
ក្នុងន័យនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏មានគម្រោងរៀបចំ បាឋកថាប្រចាំខែ ស្តីអំពីប្រទេសចិន ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីប្រទេសចិន ដល់ ប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមស្នើដល់ភាគីមិត្តចិនពិនិត្យលទ្ធភាពផ្តល់ថវិកាដើម្បីរៀបចំកម្មវិធីនេះឱ្យបានទៀងទាត់និងមាននិរន្តរភាព។
លោកជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងបន្តកាន់តែរឹងមាំ និងធ្វើពិពិធកម្មទៅលើវិស័យជាច្រើន ដែលមានផលប្រយោជន៍រួម។ សាមគ្គីភាពរបស់ប្រទេសយើងទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធន៍ដ៏រឹងមាំក្នុងការសន្ទនាទ្វេភាគី ការបង្កើនទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការស្វែងយល់ពីគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ និងវិធីសាស្រ្តប្រកបដោយការគោរពគ្នាទៅវិញទៅមក នឹងធ្វើឱ្យយើងសម្រេចបាននូវសមិទ្ធផលធំៗថែមទៀតសម្រាប់ប្រទេសយើងទាំងពីរ និង ពិភពលោក៕
ដោយៈ ពលជ័យ