រោងចក្រនៅប្រទេសចិន ពិបាកក្នុងការរើសពលករចំណាកស្រុកវ័យក្មេង
រោងចក្រនៅប្រទេសចិនប្រឈមនឹងការបាត់បង់បុគ្គលិកនាពេលអនាគតដោយចំនួនមនុស្សវ័យក្មេងធ្វើការនៅរោងចក្រមានចំនួនតិចទៅៗ។
តាមការរាយការណ៍របស់សារព័ត៌មាន South China Morning Post ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS) បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ភាគរយនៃពលករចំណាកស្រុកដែលមានអាយុលើសពី ៥០ ឆ្នាំឡើងមានដល់ ២៤,៦ ភាគរយនៃក្រុមអាយុនេះកើនឡើងទ្វេដងពី ១១,៤ ភាគរយក្នុងឆ្នាំ ២០០៨ ។ ចាប់តាំងពីឆ្នាំ ២០១៣ មកតួលេខនេះបានកើនឡើងប្រហែលពី ១ ទៅ ២ ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
ចំនួននេះមិនត្រឹមបង្ហាញពីការថយចុះនៃចំនួនមនុស្សវ័យចំណាស់ដែលធ្វើការក្នុងវិស័យផលិតកម្មក្នុងរោងចក្រឡើយ ការអន់ថយនេះក៏បង្ហាញពីទីផ្សារទូលាយដែលមាននៅក្នុងវិស័យនេះនាពេលបច្ចុប្បន្ន។
អត្រាកំណើននៃចំនួនពលករចំណាកស្រុកបានកើនឡើងដល់ ៥,៤២ ភាគរយក្នុងឆ្នាំ ២០១០ ប៉ុន្តែបានថយចុះមកនៅត្រឹម ០,៨៤ ភាគរយនៅឆ្នាំ ២០១៩ ។ នៅក្នុងកំលុងពេលមានរោគរាតត្បាតជាសកល ចំនួនពលករធ្វើការក្នុងរោងចក្រក៏មានការថយចុះចំនួន ១,៧៨ ភាគរយបន្ថែមទៀត ។
តាមការរាយការណ៍របស់សារព័ត៌មាន CNBC កាលពីខែមេសា ឆ្នាំ ២០២១ តួលេខផ្លូវការរបស់ប្រទេសចិនបានបង្ហាញថា ចំនួនប្រជាពលរដ្ឋគ្រប់អាយុធ្វើការបានមានការថយចុះជាង ៥ លាននាក់ក្នុងមួយទសវត្សចុងក្រោយនេះ។ ការធ្លាក់ចុះនេះគឺដោយសារអត្រាកំណើតបានធ្លាក់ចុះ ទោះបីជាមានការដកចេញនៃគោលនយោបាយកូនមួយក្នុងមួយគ្រួសារនៅប្រទេសចិនក៏ដោយ។
ការធ្លាក់ចុះនៃកម្មករធ្វើការក្នុងរោងចក្រនៅប្រទេសចិនបានធ្វើអោយបណ្តារោងចក្រមួយចំនួនងាកទៅរកវិស័យបច្ចេកវិទ្យាដើម្បីជាជំនួយដោះស្រាយបញ្ហានេះ។ ចំពោះរោងចក្រផ្សេងៗទៀតបានជំរុញអោយមានការបន្ថែមប្រាក់ឈ្នួលទៅកម្មករក្នុងរោងចក្ររបស់ខ្លួន ។
តាមការស្រង់សម្តីរបស់សារព័ត៌មាន CNBC ប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន Midea លោក Shirley Zhou បាននិយាយថា មនុស្សដែលមានវ័យក្មេងពុំមានបំណងធ្វើការនៅរោងចក្រឡើយ។ ខណៈពេលដែលបច្ចុប្បន្នក្រុមហ៊ុន Midea អាចរកបានកម្មករគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ប៉ុន្តែខ្លួនក៏បានរៀបចំផែនការបីឆ្នាំក្នុងការបញ្ចូលជំនាញបច្ចេកវិទ្យាបន្ថែមទៀតទៅក្នុងរោងចក្រចំនួន ៣៤ របស់ខ្លួន។
ក្រុមហ៊ុនបានព្យាករណ៍ថា ការផលិតស្វ័យប្រវត្តិកម្មជាមួយឧបករណ៍ចាប់សញ្ញា និងរ៉ូបូតនឹងជួយបង្កើនប្រសិទ្ធភាពផលិតកម្មរបស់រោងចក្ររបស់ខ្លួនពី ១៥ ទៅ ២០ ភាគរយ។
លោក Zhou បាននិយាយបន្ថែមថា ចំពោះរោងចក្រចំនួន ២ ដែលបានបញ្ចូលបច្ចេកវិទ្យារួចហើយទទួលបានប្រសិទ្ធភាពកើនឡើងជិត ៣០ ភាគរយ។

ប្រភព៖ SCMP