ហុងកុង: បុគ្គលទី១ ត្រូវបានផ្ដន្ទាទោសក្រោមច្បាប់សន្តិសុខជាតិ
លោក Tong Ying-kit បានក្លាយជាបុគ្គលទី១ ដែលជាប់ចោទពីបទល្មើសច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានតុលាការកំពូលនៃតំបន់ស្វយ័តមួយនេះ រកឃើញថាជាប់ទោសកំហុសពាក់ព័ន្ធនឹងរឿងញុះញង់ឱ្យផ្ដាច់ទឹកដី និងអំពើភេរវកម្ម។
បុរសវ័យ ២៤ឆ្នាំនេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ពោលគឺត្រឹមតែមួយថ្ងៃក្រោយពីសភារដ្ឋធានីប៉េកាំងបានអនុម័តច្បាប់សន្តិសុខជាតិហុងកុង។ លោក Tong ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីលោកជិះម៉ូតូទៅបុកប៉ូលិសបីរូប ហើយបានលើកស្លាកបដាមួយ ដែលមានពាក្យស្លោកថា «រំដោះហុងកុង បដិវត្តន៍ក្នុងជំនាន់របស់យើង»។
សាមីខ្លួនបានបដិសេធថា ខ្លួនមិនមានទោសកំហុសអ្វីនោះទេ ដោយលើកឡើងថា ពាក្យស្លោករបស់លោកមិនមែនមានន័យថា ការប៉ុនប៉ងផ្ដាច់ទឹកដីនោះទេ។ បុរសរូបនេះប្រឈមមុខនឹងជាប់ពន្ធនាគារអស់មួយជីវិត តែមេធាវីការពារក្ដីរបស់លោក គ្រោងនឹងតតាំងក្ដីឱ្យសម្រួលបន្ធូរបន្ថយទោសដល់លោក Tong។ សវនាការសម្រេចទោសនឹងធ្វើឡើងនៅក្នុងថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។
ចាប់តាំងពីច្បាប់សន្តិសុខជាតិត្រូវបានអនុម័តកាលពីឆ្នាំ២០២០កន្លងទៅ មានមនុស្សប្រមាណ ១០០នាក់ហើយត្រូវបានចាប់ខ្លួន ហើយត្រៀមនឹងឡើងតុលាការដូចលោក Tong នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP៕






ប្រភព៖ AP News