ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ចិន នឹងពិចារណាលើច្បាប់ថ្មីសម្រាប់ក្រុងហុងកុង និងម៉ាកាវ
ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍កាលពីថ្ងៃអង្គារនេះថា ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ចិន នឹងពិភាក្សាអំពីការបង្កើតច្បាប់ថ្មីលើក្រុងហុងកុង និងម៉ាកាវនៅខែក្រោយ ហើយគេមើលឃើញថាជាវិធានការមួយអាចឱ្យក្រុងប៉េកាំងបន្ថែមឥទ្ធិពលរបស់ខ្លួនលើអតីតក្រុងអាណានិគមទាំងពីរ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជាតិ (NPC) នឹងពិនិត្យឡើងវិញនូវសំណើដើម្បីបន្ថែមច្បាប់ជាតិទៅក្នុងឧបសម្ព័ន្ធនៃច្បាប់ដែនដី ដែលជារដ្ឋធម្មនុញ្ញជាក់ស្តែងនៅក្នុងកិច្ចប្រជុំនាពេលខាងមុខនេះចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែ សីហា។
កាលពីឆ្នាំមុន ចិនបានដាក់ចេញនូវច្បាប់សន្តិសុខជាតិស្តីពីហុងកុង ហើយចាប់តាំងពីពេលនោះមក ច្បាប់នេះត្រូវបានប្រើដើម្បីចាប់ខ្លួនអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយក៏បានបង្កជាការព្រួយបារម្ភក្នុងចំណោមអាជីវកម្មបរទេស និងជនបរទេស អំពីផលប៉ះពាល់របស់ច្បាប់នេះទៅលើសេរីភាពស៊ីវិល។
ខណៈពេលដែល មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថាច្បាប់ថ្មីអ្វីកំពុងត្រូវបានពិចារណា ក៏មានការរំពឹងទុកថាប្រទេសចិនប្រហែលជាត្រូវដាក់ចេញច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មទៅលើក្រុងទាំងពីរ ដើម្បីធ្វើឱ្យវាមានប្រសិទ្ធិភាពនៅទីនោះ ស្របពេលដែលក្រុងប៉េកាំងព្យាយាមប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្ត។មន្ត្រីជាន់ខ្ពស់ចិន ក៏បានលើកឡើងថា ក្រុងប៉េកាំងអាចពង្រឹងច្បាប់សន្តិសុខរបស់ហុងកុងបន្ថែមទៀត។
លោក Zhang Yong អនុប្រធានគណៈកម្មការកិច្ចការនីតិកម្មនៃ NPC បាននិយាយថា ច្បាប់សន្តិសុខផ្ទាល់ខ្លួនរបស់ប្រទេសចិនគ្របដណ្តប់លើបទឧក្រិដ្ឋចំនួន ១១ ប្រភេទ។ បើប្រៀបធៀបទៅនឹងច្បាប់សន្តិសុខរបស់ហុងកុង មានតែបទឧក្រិដ្ឋចំនួនបួនប៉ុណ្ណោះ រួមមានការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនា ការឃុបឃិតជាមួយកម្លាំងបរទេស និងការចូលរួមសកម្មភាពភេរវកម្ម។

ប្រភព៖ Straitstimes