វិបត្តិនយោបាយទុយនីស៊ី ជំរុញកំណើន «បំភ្លៃ» នៃព័ត៌មានតាមបណ្ដាញសង្គមបរទេស
វិបត្តិនយោបាយនៅទុយនីស៊ី បានជំរុញឱ្យមានកំណើននៃការឃោសនា និងការកេងយកប្រយោជន៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីបរទេស ដោយព្យាយាមបំភ្លៃរឿងដើម្បីឱ្យការសម្រេចចិត្តរបស់ប្រធានាធិបតីទុយនីស៊ីលោក Kais Saied ដែលបណ្តេញនាយករដ្ឋមន្រ្តីចេញពីដំណែង និងបង្កកសភា មានភាពសមហេតុផល។
សារព័ត៌មានកាតាគឺ Al Jazeera ហាក់មានទំនោរលើបក្សរដ្ឋាភិបាលទុយនីស៊ី Ennahda បានចុះផ្សាយថា ក្រោយព័ត៌មានស្ដីពីការសម្រេចចិត្តរបស់លោក Saied ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសបានសាយភាយកាលពីថ្ងៃអាទិត្យ ហាសថេគ (Hashtag) «ទុយនីស៊ីបះបោរប្រឆាំងភាតរភាព» ដែលសំដៅលើក្រុមនយោបាយភាតរភាពមូស្លីម (Muslim Brotherhood)បានចាប់ផ្តើមផ្ទុះឡើងនៅលើបណ្តាញសង្គមធ្វីតធឺ។
ការវិភាគមួយអំពីទិន្នន័យ និងការសន្ទនាតាមបណ្តាញសង្គម អាចបង្ហាញពីការយល់ដឹងជាច្រើន ដូចជាអ្នកណាកំពុងសរសេរអំពីប្រធានបទជាក់លាក់មួយ ហើយសំលេងរបស់ពួកគេមានឥទ្ធិពលលើប្រធានបទនោះ។ វាក៏អាចចង្អុលបង្ហាញពីកន្លែងដែលមនុស្សទាំងនោះស្ថិតនៅ និងថាតើពួកគេប្រើគណនីពិត ឬក្លែងក្លាយ ការសន្ទនាជាសាធារណៈ តាមរយៈការត្រួតពិនិត្យនិងការបំភិតបំភ័យ និងការរៀបចំអ្វីមួយឱ្យក្លាយជារឿងពេញនិយម។
ជាមួយគ្នានោះ ការវិភាគលើធ្វីតចំនួន ១២ ០០០ ពីគណនីធ្វីតធឺចំនួន ៦ ៨០០ ដែលភ្ជាប់ជាមួយនឹង Hashtag «ទុយនីស៊ីបះបោរប្រឆាំងភាតរភាព» បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមពីប្រទេសក្នុងឈូងសមុទ្រពែក្ស ដើម្បីបង្ហាញពីសកម្មភាពរបស់ប្រធានាធិបតីថា ជាការបះបោរទុយនីស៊ីដ៏ពេញនិយមប្រឆាំងនឹងក្រុមអ៊ីស្លាមដូចជា Muslim Brotherhood ។
អ្នកប្រើប្រាស់ធ្វីតធឺដែលធ្វីតភ្ជាប់ជាមួយនឹង Hashtag បែបនេះ ភាគច្រើនមកពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ គេគត់សម្គាល់ថា ក្នុងនោះមានទាំងអ្នកមានឥទ្វិពលម្នាក់ឈ្មោះ Al-Shaykh ដែលត្រូវបានគេស្គាល់ថាជាមេក្លោងធំមួយនៅលើធ្វីតធឺក្នុងពិភពអារ៉ាប់។
ក្នុងការវិភាគអំពី Hashtag ក្រោយអ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០១៨ ការសិក្សាមួយរបស់លោក Alexei Abrahams និងលោក Andrew Leber ដែលជាអ្នកសិក្សានៅសកលវិទ្យាល័យ Harvard បានចងក្រងថា នៅលើ Hashtag ទាក់ទងនឹងការស្លាប់របស់លោក Khashoggi ធ្វីតរបស់លោក al-Shaykhបានរួមចំណែក ៨ ភាគរយនៃធ្វីតទាក់ទងទាំងអស់។
ភាគច្រើននៃគណនីផ្សេងទៀតដែលផ្សព្វផ្សាយអំពីទុយនីស៊ី ក៏ជាអ្នកចូលរួមទៀងទាត់ក្នុងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងតំបន់ផងដែរ ក្នុងនោះរួមមានទាំងគណនីក្លែងក្លាយ និងគណនីដែលត្រូវបានគេលួច។ ការប្រើប្រាស់គណនីដែលត្រូវបានគេលួចយកទៅផ្សព្វផ្សាយពាណិជ្ជកម្ម ឬទីផ្សារជារឿងមួយធម្មតាទៅហើយ ប៉ុន្តែលើសពីនេះ គណនីទាំងនេះក៏ត្រូវបានប្រើសម្រាប់ចែករំលែកព័ត៌មានមិនពិតក្នុងប្រទេសមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ជាពិសេសនៅពេលមានព្រឹត្តិការណ៍នយោបាយធំៗ។
តាមរយៈនេះ អ្នកឃោសនា បានប្រើ Hashtag «ទុយនីស៊ីបះបោរប្រឆាំងភាតរភាព» ក្នុងនាមប្រជាជនទុយនេស៊ី ដោយព្យាយាមបញ្ចុះបញ្ចូលអ្នកតាមដានក្នុងស្រុក និងអន្តរជាតិ ថាក្រុម Muslim Brotherhood តំណាងឱ្យការគំរាមកំហែងហើយអាចបង្វត់ប្រទេសឱ្យវិលត្រឡប់ទៅរករបបផ្តាច់ការវិញ។
យោងតាមការចុះផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បីថ្ងៃមុនការប្រកាសរបស់លោកប្រធានាធិបតី Saied លោក Dhahi Khalfan Tamim អនុប្រធានប៉ូលីសនៃទីក្រុងឌូបៃបានសរសេរសារបែបកំប្លែងថា៖ «ដំណឹងល្អ…ការវាយលុកថ្មី…ខ្លាំង … នឹងមករក Brotherhood»។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរបស់ទួរគី TRT កាលពីថ្ងៃច័ន្ទ លោក Rachid Ghannouchi ប្រធានសភា និងជាមេដឹកនាំបក្ស Ennahda ដែលហៅសកម្មភាពរបស់លោក Saied ថាខុសពីរដ្ឋធម្មនុញ្ញ និងជាការធ្វើរដ្ឋប្រហារ បានចោទប្រកាន់ ប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប់រួមថា បានជំរុញឱ្យមានរដ្ឋប្រហារនៅទុយនីស៊ី។
យ៉ាងណាមិញ មិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា រដ្ឋាភិបាលបរទេសបានដាក់សម្ពាធលោក Saied ឱ្យចាត់វិធានការបែបនេះនោះទេ ហើយអ្នកវិភាគជនជាតិទុយនេស៊ីម្នាក់លោក Mohamed-Dhia Hammami បាននិយាយថា លោកគិតថាវាមិនទំនងសោះចំពោះរឿងបែបនេះ។
ប្រភព៖ Aljazeera