នៅថ្ងៃទី០១ ខែសីហា: គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងនៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះថា ក្រោយរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ណាមួយពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះទេ។

គ.ជ.ប បានឱ្យទៀតថា យោងតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងករណីពុំមានការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយបន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃគ.ជ.ប បានពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានត្រឹមត្រូវរួចហើយ លទ្ធផលបណ្តោះអាសន្ននឹងត្រូវក្លាយជាលទ្ធផលផ្លូវការ។ ដូច្នេះ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ជូនដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមានដូចជា ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP គេហទំព័រ គ.ជ.ប www.nec.gov.kh កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News” Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត – National Election Committee Channel Youtube គ.ជ.ប។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក និងគណបក្សនយោបាយចំនួនបីផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា មិនទទួលបានសម្លេងឆ្នោតនោះទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប។

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ប្រាប់ AMS ថា ក្រុមត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតឡើងវិញក្រុមប្រឹក្សាបូកគោនៃខេត្តកំពត គឺបានពិនិត្យកញ្ចប់ “ឃ” ពិសេស ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានបញ្ជូនមកសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាបូកគោកនៃខេត្តកំពត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ។ ក្នុងការត្រួតពិនិត្យឡើងវិញ ក្រុមត្រួតពិនិត្យបានអនុវត្តបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យទៅតាមអ្វីដែលបានកំណត់។
លោក សោម សូរីដា បានមានប្រសាសន៍បន្តថា ជាលទ្ធផលក្រុមត្រួតពិនិត្យបានធ្វើការផ្ទៀងផ្ទាត់ឡើងវិញរួចហើយ ដោយផ្អែកទៅលើតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ គឺទម្រង់បែបបទ ១១១៦ តពស និងផ្អែកលើកំណត់ហេតុត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ គឺទម្រង់បែបបទ ១១១១ ស និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទម្រង់បែបបទ ១១១៤ ស កំណត់ហេតុរបាយការណ៍និងឯកសារពាក់ព័ន្ធ និងយោងទៅលើលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង ក្រុមត្រួតពិនិត្យលទ្ធផលនៃគ.ជ.ប ឃើញថា ត្រឹមត្រូវ និងពុំបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ដែលបានបញ្ជាក់នៅក្នុងទម្រង់ខាងលើនេះឡើយ។

អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា “នៅក្នុងដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវនេះ គឺក្រុមការងារត្រួតពិនិត្យរបស់គ.ជ.ប បានពិនិត្យឃើញថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានផ្ញើមកគ.ជ.ប នេះគឺពុំមានកំហុស និងពុំមានអ្វីប្រែប្រួលទេ ហើយលទ្ធផលឃើញថា ត្រឹមត្រូវទៅតាមឯកសារដែល គ.ជ.ប ទទួលបាន។ គ.ជ.ប ពុំទាន់ពិនិត្យមើលលើឯកសារនេះ និងផ្តល់ការឯកភាព ឬក៏សម្រេចជាផ្លូវការទេ ពាក់ព័ន្ធទៅនឹងដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវនៃលទ្ធផលសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានផ្ញើមកគ.ជ.ប ដូច្នេះសរុបមក គឺត្រឹមត្រូវ”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner