ក្រសួងប្រៃសណីយ៍បង្ហាញពីវិធានការបង្ការឧបាយកលបោកបញ្ឆោត “លួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ”

រាជធានីភ្នំពេញ៖ក្រសួងប្រៃសឍណីយ៍ និង ទូរគមនាគមន៍បានឱ្យដឹងថានាពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។

            ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អំពីឧបាយកលបោកបញ្ឆោត និងវិធានការបង្ការដូចខាងក្រោម៖ឧបាយកលបោកបញ្ឆោតរបស់ជនខិលខូចគឺការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុកនោះបានប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យប សុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់និងធ្វើតាមការណែនាំ បើមិនដូច្នេះទេក្រុមហ៊ុនហ្វេសប៊ុក នឹងបិទទំព័រហ្វេសប៊ុកនោះចោលតែម្តង”។ នៅពេលម្ចាស់ទំព័រហ្វេសប៊ុកចុចលើតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូល ព័ត៌មានសំខាន់ៗដូចជា ឈោ្មះ ពាក្យសម្ងាត់គណនីហ្វេសប៊ុក ឬ/និងព័ត៌មានគណនីធនាគារ ជាដើម។ បន្ទាប់មក ចោរព័ត៌មានវិទ្យា ធ្វើការលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក ព្រមទាំងអាចប្រើប្រាស់ព័ត៌មានគណនីធនាគារ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក ឬក៏អាចឈានទៅចំណាយទិញទំនិញផ្សេងៗទៀត។

ជាមួយគ្នាក្រសួងប្រៃសណីយ៍បានណែនាំឱ្យសាធារណជនមានវិធានការបង្ការដូចជា៖

– សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំដោយប្រាប់ថា “ទំព័រហ្វេសប៊ុករបស់អ្នកខុសទៅនឹងគោលការណ៍ នានារបស់ក្រុមហ៊ុនហ្វេសប៊ុក” ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារការបញ្ជាក់ ដោយបំពេញព័ត៌មានដូចរៀបរាប់ខាងលើទ

-ធ្វើការត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ

– គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit Card) និងកំណត់ទំហំសាច់ប្រាក់សម្រាប់ការចាយវាយមិនលើសបរិមាណសមស្របមួយ

. ពិនិត្យមើលការជូនដំណឹងអំពីការធ្វើប្រតិបត្តិការចំណាយអនឡាញឱ្យបានទៀងទាត់ ប្រសិនបើមាន ការចំណាយខុសប្រក្រតីណាមួយអ្នកត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និង ដំណោះស្រាយ។

          សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល [email protected] ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ /០១៦ ៨៥១ ៦៧៨៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner