សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីគម្រោងដាក់ឲ្យដំណើការសណ្ឋាគារមួយចំនួន ដោយយកតម្លៃថោក ជាងមន្ទីរពេទ្យឯកជន សម្រាប់អ្នកជំងឺកូវីដ ចង់ទៅសម្រាកនៅកន្លែងបន្ទប់មួយដោយឡែករបស់គាត់

ភ្នំពេញ៖ ក្នុងឱកាសថ្លែងសន្និសីទសាឬព័ត៌មាន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កន្លងមក នេះ យើងបានដាក់ ចេញឱ្យមានការព្យាបាលនៅតាមផ្ទះ ដែលនេះ ជាវិធីមួយកាត់បន្ថការកកស្ទះនៅតាមមន្ទីរពេទ្យ ដែលបណ្ដាប្រទេស ជាច្រើន គេជ្រើសរើសវិធីនេះ ដោយមន្ទីរ ពេទ្យរបស់គេ ទទួលយកតែអ្នកជម្ងឺ មានសភាព ធ្ងន់ធ្ងរ ប៉ុណ្ណោះ ។

សម្ដេចតេជោ បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យឯកជន នាំចូលវ៉ាក់សាំង ដើម្បីមកចាក់ជូនប្រជា ពលរដ្ឋតាមតម្រូវការ ហើយរាជរដ្ឋាភិបាល ក៏បានឲ្យក្រុមហ៊ុន ក៏ដូចជាសារធារណៈជន អាចប្រើប្រាស់តេស្តរហ័ស ដោយខ្លួនឯងបាន ដែលវាស្ថិតនៅក្នុងយុទ្ធសាស្ត្ររុករកអ្នកជំងឺកូវីដរបស់យើង បើយើងរកឃើញរហ័ស គឺយើងគ្រប់គ្រង បានរហ័សដែរពេលធ្វើឃើញភ្លាម បើសិនជាធ្វើតេស្តដោយគ្រូពេទ្យ គឺយើងគ្រប់គ្រងអ្នកវិជ្ជមាននេះបានឆាប់ ហើយបើ គេធ្វើតែនៅក្នុងក្រុមគ្រួសាររបស់គេ ឬខ្លួនគេផ្ទាល់ គឺគេនឹងការពារក្រុមគ្រួសាររបស់គេភ្លាម, នេះជាយុទ្ធសាស្ត្រមួយ ។

សម្ដេចបានបន្តថា យើងមានមន្ទីរពេទ្យរបស់រដ្ឋ និងមណ្ឌលថែទាំសុខភាព នៃអ្នកជម្ងឺស្រាល ដែលយើងទទួលបាន ប្រហាក់ប្រហែលជាង ១ម៉ឺននាក់ នៅទីក្រុងភ្នំពេញ នៅមន្ទីរពេទ្យឯកជនមួយចំនួន មានតម្លៃខ្ពស់ អញ្ចឹងឥឡូវវិស័យ ឯកជន ត្រូវធ្វើការជាមួយនឹងក្រសួងទេសចរណ៍ គ្រោងបើកដាក់ឲ្យដំណើរការនៅសណ្ឋាគាររបស់គេមួយចំនួន ដោយ យកតម្លៃថោកជាងតម្លៃនៃមន្ទីរពេទ្យឯកជន ព្រោះមានអ្នកដែលមានលទ្ធភាពខ្លះ គាត់ខ្វះលទ្ធភាពបង់ប្រាក់យ៉ាងច្រើន សម្រាប់មន្ទីរពេទ្យឯកជន ប៉ុន្តែគាត់ក៏មិនចង់ទៅសម្រាកនៅកន្លែងដែលមានមនុស្សកុះករនោះទេ គាត់ចង់សម្រាក ដោយមានបន្ទប់មួយដោយឡែករបស់គាត់ អញ្ចឹងប្រសិនបើមានសំណើបែបនេះ សម្រាប់ក្រសួងសុខាភិបាល ក៏ត្រូវ ពិនិត្យមើលបញ្ហា ត្រូវគិតត្រង់ថា មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ អញ្ចឹងបើសិនជាយើងធ្វើបែបនេះបាន ។

សម្ដេចបានបន្ថាទៀត អ្នកមានប្រាក់មធ្យម អ្នកមានប្រាក់ល្មម គាត់មិនចង់ទៅបង្ហាញខ្លួននៅទីតាំងដែលមានមនុស្ស រាប់រយនាក់ រាប់ពាន់នាក់នោះទេ ហើយគាត់ ក៏គ្មានប្រាក់ដើម្បីទៅមន្ទីពេទ្យដែលថ្លៃនោះដែរ ប៉ុន្តែគាត់មិនចង់សម្រាក ព្យាបាលនៅផ្ទះ ព្រោះខ្លាចឆ្លងដល់កូនចៅ គាត់ ទៅរកសណ្ឋាគារ ដើម្បីស្នាក់នៅ បើយើងជួលសណ្ឋាគារ ដោយប្ដូរពី ការទទួលទេសចរ បានថវិកាពីទេសចរណ៍ ទៅជា បានទទួលពីអ្នកជម្ងឺ ឲ្យបុគ្គលិកសណ្ឋាគារនោះដែលស្ម័គ្រចិត្ត ដើម្បី គ្រាន់តែយកម្ហូបអាហារទៅឱ្យអ្នកជំងឺ ក៏បានការងារ ធ្វើត្រឡប់មកវិញដូចដើម ប៉ុន្តែរដ្ឋយើង យ៉ាងណាក៏ត្រូវតែឱ្យមាន ការគាំទ្រសម្រាប់មន្ទីរពេទ្យសម្រាប់ការបើកបែបនេះដែរ ហើយពេលនោះ ក៏ត្រូវតែទទួលកម្រៃពីផ្នែកឯកជន ទទួលបាន ប្រាក់ពីការអ្នកព្យាបាលនៅទីនោះ ដូច្នេះនេះជាផ្នែក មួយនៃការគិតគូររបស់យើង ប៉ុន្តែអ្វីដែលសំខាន់ សម្ដេចចង់ជម្រាប និងសុំការអធ្យាស្រ័យយោគយល់ពីសំណាក់ប្រជា ពលរដ្ឋរបស់យើង ហើយសុំការយោគយល់ សុំការអំពាវនាវឲ្យចូល រួមពីសំណាក់ប្រជាពលរដ្ឋរបស់យើង នោះគឺនៅ ថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ យើងបានចេញសារាចរណែនាំ ស្ដីពី ការពង្រឹង និងទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំង សេចក្ដីសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ចំនុចនេះ ពិតណាស់នៅពេលដែលយើងដាក់ចេញនូវវិធានការបែបនេះ វានឹងប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋយើងមួយចំនួនហើយ បម្រាមគោរចណ៍ ត្រូវបានដាក់ឡើងវិញ នៅទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្តមួយចំនួន អនុវត្តពេលម៉ោង ៩យប់ ទៅ ដល់ម៉ោង ៣ភ្លឺ ដែលប៉ះពាល់ដល់សិទ្ធិដើរ ហើររបស់ប្រជាពលរដ្ឋមួយចំនួន ព្រោះវីរុសបំប្លែងថ្មីដែលតា កំពុងតែឆ្លង រាតត្បាតនៅទូទាំងពិភពលោក រាប់ទាំងសហរដ្ឋអាមេរិកផងដែរ ៕ ដោយវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner