រដ្ឋមន្រ្តីកសិកម្ម បានថ្លែងអំណរគុណជូនចំពោះអង្គការអ៊ីរី (IRRI) ប្រចាំកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍន៍ផលិតកម្មដំណាំស្រូវនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត. Buyung Hadi តំណាងអង្គការ អ៊ីរី (IRRI) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើការណែនាំ លោកវេជ្ជបណ្ឌិត. Yurdi Yasmi ដែលទើបត្រូវបានតែងតាំងជាតំណាងអង្គការ អ៊ីរី (IRRI) ប្រចាំតំបន់អាស៊ីបូព៌ា ។
ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានថ្លែងអំណរគុណជូនចំពោះអង្គការអ៊ីរី (IRRI) ប្រចាំកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ក្នុងនោះក៏បានរួមចំណែកធ្វើឱ្យគុណភាពអង្ករកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថា ជាអង្ករមាន គុណភាពល្អបំផុត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា វិទ្យាស្ថាននេះនឹងនៅតែបន្តជួយដល់ផលិតកម្មស្រូវឱ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវឱ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។ ត្រង់ចំណុចនេះ ឯកឧត្តមវេង សាខុន បានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងវិទ្យស្ថាន ជាមួយ CAR DI និងអគ្គនាយកដ្ឋានកសិកម្ម ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀត ទាំងការងារបច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍ វិស័យកសិកម្ម ២០១៩ -២០២៣ ក៏ដូចជាគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ។ អ្វីដែលសំខាន់ គឺត្រូវគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផលិតពូជ គ្រប់គ្រង និងផ្គត់ផ្គង់ឱ្យដៃគូផលិតធ្វើយ៉ាងនេះទើបយើងធានាបាននូវបរិមាណ និងគុណភាពតាមតម្រូវការទីផ្សារ។
លោកវេជ្ជបណ្ឌិត. Yurdi Yasmi បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួប និងធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗជុំវិញការងារផលិតកម្មស្រូវ បច្ចេកទេស ផលិតកម្មពូជ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកវេជ្ជបណ្ឌិតក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការី មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅថា CARDI និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានផ្តល់កិច្ចសហការ ជាមួយអង្គការ IRRI បានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងព្រីក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យផលិតកម្មស្រូវកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រីកការងារផ្សព្វផ្សាយ ការងារបណ្តុះបណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងរៀបចំគោលនយោបាយសំខាន់ៗទាក់ទងផលិតកម្មស្រូវកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយអង្គការ IRRI ដើម្បីលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ សមត្ថភាពមន្រ្តី និងអ្នកផលិត ព្រមទាំងផលិតភាពផលិតកម្មស្រូវកម្ពុជានាពេលអនាគត៕