លោកជំទាវ ទាង អេង ទៀ សីហា ដឹកនំាក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត មន្ត្រីមន្ទីរកសិកម្ម មន្ត្រីមន្ទីរបរិស្ថានខេត្ត ចូលរួមសម្អាតបរិស្ថាន ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហម

ដើម្បីអបអរសាទរខួបលើកទី៦៥ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) ព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប  អ្នកស្ម័គ្រចិត្ត  មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម ខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា  បានធ្វើការបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើ ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា  ហើយជាសំខាន់ដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា  ដូចដែលពាក្យស្លោកបានលើកឡើងថា “យុវជនកំពុងនាំគ្នាធ្វើកម្មភាព” ផងដែរ។ ជាមួយគ្នានេះដែរ មន្ត្រីដែលមកពី ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត គឺជាមន្ត្រីជំនាញ ពួកគាត់បានធ្វើការក្រីតាក់តែង កាប់មែកឈើដែលចាស់ៗ និងកាប់កូនឈើតូចៗគ្មានប្រយោជន៍ចោល ដើម្បីឲ្យដើមរបស់វាអាចលូតលាស់បានធំធាត់ល្អ ហើយសកម្មភាពនេះបានរួមចំណែកថែរក្សាបរិស្ថានគម្របបៃតងនៃឧទ្យានអង្គរផងដែរ។
លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជក់អំពីជីវប្រវត្តិ នៃការបង្កើតឲ្យមានឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជានេះឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ព្រឹទ្ធាចារ្យឯកឧត្តម ម៉ី សាមឺឌី អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោកព្រឹទ្ធាចារ្យ ទួន ទេស មន្ត្រីសាខាកាកបាទក្រហមខេត្ត ដើមី្បទុកជាប្រវត្តិសាស្ត្រ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ ហើយការប្រារព្វធ្វើទិវាពលកម្ម សម្អាតបរិស្ថាមឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា មកដល់ពេលនេះមានអាយុកាល ២១ឆ្នាំហើយ ។ 
 លោកជំទាំវ ទាង អេង ទៀ សីហា បានគូសបញ្ជាក់ថា នេះជាស្មារតីមួយសម្រាប់យើងគ្រប់រូប ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិ ដែលបានផ្តល់នូវធម្មជាតិបរិសុទ្ធក្នុងការរស់នៅប្រចាំថ្ងៃ របស់មនុស្សលោក ។ សកម្មភាពទាំងនេះ ក៏បានបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ បានកាន់តែយល់ច្បាប់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងការការបាត់បង់ធនធានធម្មជាតិ តើត្រូវរងផលប៉ះពាល់អ្វី ដល់ភពផែនដី ។ ក្នុងនោះដែរលោកជំទាវក៏បានលើកផងដែរ អំពីការបាត់បង់ធនធានធម្មជាតិ បានធ្វើឲ្យភពផែនដីយើង មានការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ដោយតំបន់មួយចំនួនបានទទួលរងគ្រោះធម្មជាតិ ដោយទឹកជំនន់ គ្រោះភាពរីងស្ងួតជាដើម ។ លោកជំទាវក៏បានលើកពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ នៅតាមតំបន់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ សូមបញ្ជាក់ផងដែរថា ឧទ្យានសហស្សវត្សរ៍ កាកបាទកស្រហមកម្ពុជា ដែលស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលមកដល់ពេលនេះមានអាយុកាល ២១ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត ៥ហិកតា និងមានដើមឈើប្រមាណ ២ពាន់៤៦០ដើម៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner