អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បើកសន្និបាតការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចំាឆ្នំា២០១៩ និងទិសដៅការងារឆ្នំា២០២០
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រឹកថ្ងៃទី១៨កុម្ភះ ឆ្នំា២០២០ បានបើកអង្គ សន្និបាតការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចំាឆ្នំា២០១៩ និងទិសដៅការងារឆ្នំា២០២០ ដែលមាន រយៈពីថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែកុម្ភះ ឆ្នំា២០២០ ក្រោមអធិបតីភាពលោកជំទាវ ហោ មាលីន រដ្ឋលេខាធិការ តំណាងឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមនឹងមន្រ្តីក្រោមឱវាទក្រសួង ភ្ញៀវជាតិ អន្តរជាតិ គូអភិវឌ្ឍន៍ និងផ្នែកឯកជនចូលរួមផងដែរ។
សូមជំរាបថា ៖ ការរៀបចំសន្និបាតនេះគឺមានគោលបំណងដើម្បីធ្វើការពិនិត្យមើលលើលទ្ធផលការងារសុខភាពសត្វ និងផលិតកម្មសត្វ ដែលសម្រេចបានក្នុងឆ្នាំ ២០១៩ កន្លងមក និងលើកទិសដៅការងារឆ្នាំ ២០២០ដើម្បីឆ្លើយតប ទៅនឹងនិន្នាការសង្គម សេដ្ឋកិច្ចជាតិក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធផលលិតកម្មសត្វ ការផ្ទុះជំងឺឆ្លងសត្វ បញ្ហាសុខភាព និងសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្មសត្វ ដែលជះឥទ្ធិពលដល់សន្តិសុខ សុវត្ថិភាពស្បៀង សុខមាលភាព សុខភាព និងសង្គម ក្នុងបរិបទនៃសកល ភាវូបនីយកម្ម។
ឯកឧត្តមតាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងថា ៖ បច្ចុប្បន្នអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម សម្រាប់ជួយទ្រទ្រង់ជីវភាពប្រជាកសិករ សេដ្ឋកិច្ចជាតិ តំបន់ និងសាកលលោក។ សត្វពាហនៈដែលធ្លាប់ដើរតួនាទីជាមធ្យោបាយដ៏សំខាន់ប្រើប្រាស់ជាកំលាំងអូសទាញ ភ្ជួររាស់ បាននឹងកំពុងវិវឌ្ឍទៅជាផលិតកម្មសម្រាប់សេដ្ឋកិច្ច។ បច្ចុប្បន្នកសិករចិញ្ចឹមសត្វសម្រាប់ធ្វើជាម្ហូបអាហារ និងពាណិជ្ជកម្មនាំចេញ។ ដូច្នេះអនុវិស័យនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពម្ហូបអាហារ ដែលបានផ្ដល់ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
លោកជំទាវហោ ម៉ាលីន តាងនាមឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានសំដែងនូវមនោសញ្ចេតនាអបអរសាទរ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសាច់ មន្ទីរកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី ខេត្ត ដែលបានអញ្ជើញចូលរួមនៅពេលនេះ។ លោកជំទាវបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយនៅគ្រប់កាលៈទេសៈសម្រាប់កម្ពុជា និងជាកិច្ចការចាំបាច់មិនអាចខ្វះបាន ពីព្រោះថាវិសាលភាពនៃកិច្ចការនេះបានជួយបំពេញដល់ការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច ការបង្កើនប្រសិទ្ធភាព ការបង្កើនការងារ ការប្រើថាមពលនៃធនធាន និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់ ៧ % ដែលត្រូវបានគំាទ្រដោយកំណើនដ៏រឹងមាំ នៃវិស័យឧស្សាហកម្ម និងសេវាកម្ម និងដោយមានការចូលរួមពីវិស័យកសិកម្មផងដែរ។ ក្នុងទស្សនៈនេះខ្ញុំជឿជាក់ថា ភាពរីកលូតលាស់ នៃវិស័យកសិកម្ម មិនត្រឹមតែជាយន្តការស្នូល នៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនផង នឹងរក្សាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀងផងដែរ។ ជាក់ស្ដែងថ្មីៗនេះ ផលិតផលកសិកម្មកំពុងមានតម្រូវការខ្ពស់ ហើយបញ្ហាសន្តិសុខស្បៀង និងជាពិសេសសុវត្ថិភាពចំណីអាហារគឺជាក្តីព្រួយបារម្ភ នៅក្នុងប្រទេសកម្ពុជា តំបន់ និងពិភពលោកទាំងមូល ដែលក្នុងនោះសត្វ និងផលិតផលសត្វ ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ផ្អែកលើទស្សនទាននេះ រាជរដ្ឋាភិបាលបានដាក់បញ្ចុលអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាមុំមួយនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៦ នៃរដ្ឋសភា ដែលមានច្បាប់ស្ដីពីសុខភាពសត្វ និងប្រតិកម្មសត្វ ក្នុងការពង្រីកវិសាលភាពការងារ សុខភាពសត្វ និងផលិតកម្មសត្វ។
ជាចុងក្រោយ ជាមួយនឹងការប្រកាសបើកសន្និបាតការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ ២០១៩ នឹងលើកទិសដៅឆ្នាំ ២០២០នេះ លោកជំទាវសង្ឃឹមថា ដំណើរការនេះអង្គសន្និបាត នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យតាមកម្មវិធីដែលបានគ្រោង៕