អភិបាលខេត្តកំពង់ចាម ចាត់វិធានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់វិធានការបន្ទាន់ដាក់ចេញនូវសេនារីយូថ្មី សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដល់អាជ្ញាធរថ្នាក់ក្រោម អនុវត្តនៅមូលដ្ឋានឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

 ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត នាសាលាខេត្ត នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ នេះថា បញ្ហាដាក់អ្នកជំងឺកូវីដ-១៩ ឱ្យនៅព្យាបាលតាមខ្នងផ្ទះ គឺការសំខាន់បំផុត ហើយសូមឱ្យអាជ្ញាធរថ្នាក់ក្រោម មានការការពារឱ្យបាលល្អ ដោសួរនាំព័ត៌មានបន្ថែមទៀតមកកាន់ថ្នាក់ខេត្ត នៅពេលការអនុវត្តជួបប្រទះនូវបញ្ហា។

 ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ បានថ្លែងបន្តទៀតថា ព្រោះករណីនេះខាងរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការនេះរួចហើយ ដោយអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានចែករំលែកវិធាន នៃការព្យាបាលនៅតាមផ្ទះនេះដែរ។ សំខាន់ក្រុមការងារទាំងអស់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការជួយមើល និងរាយការណ៍មកកាន់អភិបាលស្រុក ក្រុង ឲ្យបានជាប់ជាប្រចាំ។

 ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា នៅចំពោះមុខយើង ដាក់គ្រូពេទ្យម្នាក់ឱ្យមើលថែ និងព្យាបាលអ្នកជំងឺនេះចំនួន ប្រាំនាក់។ ប៉ុន្តែករណីនេះយើងចាំបាច់ត្រូវមានការបត់បែន ករណីមានស្រុកណាផ្ទុះខ្លាំងត្រូវថែមគ្រូពេទ្យ ដើម្បីតម្រូវទៅនឹងចំនួនអ្នកជំងឺតាមផែនការកំណត់។ ឯបញ្ហារោគសញ្ញា គឺគ្រូពេទ្យយើងមានបទពិសោធន៍រួចហើយ គឺត្រូវប្រុងប្រយ័ត្នក្នុងការផ្តល់ថ្នាំ ដោយពិនិត្យស្ថានភាពកម្រិតអ្នកជំងឺ ករណីស្រាល ត្រូវព្យាយាមពន្យល់បកស្រាយ កុំឱ្យគិត ឬភ័យ ឱ្យសប្បាយ និងជំរុញការហាត់ប្រាណឱ្យបានច្រើន និងទៀងទាត់។

 ឯកឧត្តមបន្តថា ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះនេះ គឺជាសេនារីយូថ្មីដែលមានការបន្ធូរភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋដែលមិនចង់ទៅពេទ្យ ព្រោះនៅពេទ្យអាចបង្កឱ្យមានជំងឺផ្សេងៗ ដោយនៅទីនោះ ដេករួម ហូបរួម ហាត់ប្រាណរួម នៅជិតគ្នា អាចប៉ះពាល់ដល់ពួកគាត់មួយផ្នែកទៀត។ អ៊ីចឹងការព្យាបាលជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះជាសេនារីយូ នៃការបន្ធូរអារម្មណ៍ របស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យយើងត្រូវធ្វើនយោបាយ និងការពន្យល់បកស្រាយឱ្យបានជោគជ័យ និងកុំឱ្យមានអ្នកជំងឺនេះស្លាប់នៅតាមផ្ទះបន្តទៀត៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner