អាជ្ញាធរហុងកុងចាប់ខ្លួនតារាចម្រៀងនិន្នាការប្រជាធិបតេយ្យ ក្រោមបទល្មើស «ប្រព្រឹត្តិអំពើពុករលួយ»


គណៈកម្មការ​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ​ហុងកុង​ កាល​ពី​ថ្ងៃ​ទី២ ខែ​សីហា​កន្លង​ទៅ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​តារា​ចម្រៀង​ និង​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​លោក Anthony Wong ពី​បទល្មើស​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៨​។
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ខាង​លើ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា លោក Wong បាន​ច្រៀង​ចម្រៀង​ចំនួន ២បទ​ក្នុង​ការ​ជួបជុំ​ដ៏​ធំ​មួយ ហើយ​ក្រោយ​ពី​ច្រៀង​ចប់​ តារា​ចម្រៀង​មួយ​បាន​អំពាវនាវ​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​បោះឆ្នោត​ឱ្យ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​លោក Au Nok-hin ក្នុង​ការ​បោះឆ្នោត​បំពេញ​បន្ថែម​ជ្រើសរើស​ក្រុមប្រឹក្សា​តាក់តែង​ច្បាប់​នៅ​ហុងកុង។

សកម្មភាព​នេះ​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​ អំពើ​ពុករលួយ និង​សកម្មភាព​ខុស​ច្បាប់​​ក្នុង​ការ​បោះឆ្នោត។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស​មែន លោក Wong អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧ឆ្នាំ និង​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៦៤ ០០០ដុល្លារ​អាមេរិក។

លោក Au ក៏​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៨ តែ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ដាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១០ខែ កាល​ពី​ខែ​មេសា​កន្លង​ទៅ។

នៅ​ក្នុង​ឆ្នាំ២០២១​នេះ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​ច្រើន​ជាង ៤៦នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​បទល្មើស​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​ប៉េកាំង​កាល​ពី​ឆ្នាំ២០២០​កន្លង​ទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner