លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២

នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២២ តាមប្រព័ន្ធវីដេអូ។ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ

កិច្ចប្រជុំបានអបអរសាទរវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសន្ទនាអាស៊ាន- សាធារណរដ្ឋកូរ៉េ រួមមានតាមរយៈគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) របស់សាធារណរដ្ឋ កូរ៉េ ។ ក្នុងន័យនេះ អាស៊ានបានគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ សម្រាប់សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលស្របគ្នាជាមួយគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) និងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន។ អាស៊ានបានស្វាគមន៍សំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកយន្តការសាធារណរដ្ឋកូរ៉េ ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រយ៉ាងមុតមាំរបស់សាធារណរដ្ឋកូរ៉េ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ រួមមានការរៀបចំកិច្ចសន្ទនាសុខុមាលភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាដើម។

កិច្ចប្រជុំក៏បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ចរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យមួយចំនួន ដូចជា សុខភាពសាធារណៈ និងវ៉ាក់សាំងពហុភាគីនិយម ពាណិជ្ជកម្ម និងវិនិយោគ ការជំរុញវិស័យសហគ្រាសមីក្រ តូច និងមធ្យម (MSMEs) ហិរញ្ញវត្ថុ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ហេដ្ឋារចនាសម័្ពន្ធ និងការអភិវឌ្ឍបៃតង ការដឹកជញ្ជូនតាមផ្លូវអាកាស ការអប់រំឌីជីថល សំដៅសម្រួលដល់ការស្តារឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត និងរក្សាបាននូវកំណើនក្នុងរយៈពេលវែង។

រដ្ឋមន្រ្តីការបរទេសក៏បានឯកភាពបន្តការងារលើការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ រួមមានតាមរយៈការពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខប្រព័ន្ធអ៊ិនធឺរណែត។ ភ្ជាប់ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការនាំមកនូវសន្តិភាពយូរអង្វែងដល់ឧបទ្វីបកូរ៉េ និងបានសាទរចំពោះកិច្ចព្រមព្រៀងដែលទើបសម្រេចបាននាពេលថ្មីៗនេះ ដើម្បីបើកឱ្យដំណើរការជាថ្មីនូវការិយាល័យសម្របសម្រួលអន្តរកូរ៉េ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំឡើងនៅក្នុងវិស័យការអភិវឌ្ឍធនធានមនុស្ស ទីក្រុងឆ្លាត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។ ឯកឧត្តមបានឆ្លៀតឱកាសធ្វើការថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការផ្តល់ជំនួយវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត ជូនដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន

កិច្ចប្រជុំបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះសមិទ្ធផលនៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន និងបានអបអរសាទរចំពោះការទទួលបានលទ្ធផលផ្លែផ្កា ក្នុងការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងឆុងឈីង ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៣០នៃទំនាក់ទំនងអាស៊ាន-ចិន។ កិច្ចប្រជុំបានទន្ទឹងដល់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិន នៅខែតុលាខាងមុខនេះ។

សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របពេលដែលអាស៊ានបានសម្តែងនូវការកោតសរសើរ ចំពោះប្រទេសចិនសម្រាប់ការគាំទ្រតំបន់យ៉ាងពេញទំហឹង ប្រទេសចិនបានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ាន រួមមានតាមរយៈការគាំទ្រដល់សមត្ថភាពតំបន់ក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារ ឡើងវិញ។

កិច្ចប្រជុំបានរំពឹងដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចិន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលគ្រោងរៀបចំនៅក្នុងខែតុលា ឆ្នាំ២០២១នេះ។

ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលសុខនៅក្នុងតំបន់។ សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង អាស៊ាន និងចិន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ២០០២ និងបានស្វាគមន៍ការបន្តការចរចារលើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដើម្បីអាចបញ្ចប់បានឆាប់រហ័ស។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ដើម្បីធានាថា ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងពាណិជ្ជកម្មឆ្លងដែននៅតែមិនមានការរំខាន ដើម្បីអាចទាញយកផលប្រយោជន៍ពេញលេញពីការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ ដោយទទួលស្គាល់ថា អាស៊ាន និងចិន សម្រេចបាននូវភាពជាដៃគូដ៏សំខាន់ពីទំនាក់ទំនងសន្ទនាចាប់តាំងពីការបង្កើតមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយជប៉ុន

កិច្ចប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន- ជប៉ុន តាមរយៈការអនុវត្តផែនការអនុវត្តនៃសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការអាស៊ាន-ជប៉ុន ៖ ចក្ខុវិស័យរួមគ្នា អត្តសញ្ញាណរួមគ្នា អនាគតរួមគ្នា ដែលត្រូវបានកែសម្រួលឡើងវិញ។

អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះប្រទេសជប៉ុនសម្រាប់ការផ្តល់វ៉ាក់សាំង ការគាំទ្រដល់ការ ស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ តាមរយៈហិរញ្ញវត្ថុអភិវឌ្ឍ និងការពង្រឹងភាពរឹងមាំតំបន់ តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED)។ ទាំងអាស៊ាន និងជប៉ុន បានឯកភាពសម្រួលឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពភាពភាពធន់រឹងមាំនៃសេដ្ឋកិច្ច របស់អាស៊ាន-ជប៉ុន និងការគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីការការគាំទ្រដ៏សប្បុរសរបស់ជប៉ុន ដល់សមាហរណកម្មតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈ ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ដោយទទួលស្គាល់ថា ជប៉ុនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់អាស៊ាន ឯកឧត្តម មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង RCEP នឹងមានតម្លៃធំធេងចំពោះដំណើរការស្តារសេដ្ឋកិច្ចឡើងវិញនេះ។

ទន្ទឹមនឹងការទទួលស្គាល់ពីសារៈសំខាន់នៃការគំាទ្ររបស់ជប៉ុនដល់ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ រួមទាំងប្រទេសកម្ពុជាផងដែរនោះ ឯកឧត្ដមបានអំពាវនាវឱ្យមានគម្រោងសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបង្កើតបានជាការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥ ជាមួយនិងភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី (APT) លើកទី ២២

កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពប្រកបដោយអត្ថន័យ ក្នុងការអនុវត្តផែន ការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) និងទន្ទឹងដល់ការអភិវឌ្ឍផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣-២០២៧ ។

កិច្ចប្រជុំបានទទួលស្គាល់នូវតួនាទីនាំមុខនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងបានទទួលស្គាល់អំពីជំនួយរបស់ប្រទេសបូកបី ជូនដល់ប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាការរួមចំណែករបស់ប្រទេសបូកបី ជួយដល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

កិច្ចប្រជុំរំពឹងដល់ការផ្តល់សច្ចាប័ន និងចូលជាធរមានឱ្យបានឆាប់នូវ កិច្ចព្រមព្រៀងស្តីពីភាពជា ដៃគូនៃសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ច ជាក់ស្តែង ពីកិច្ចព្រមព្រៀងនេះ សម្រាប់តំបន់ទាំងមូល។

ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន៤ រួមមាន សន្តិសុខសុខភាពសាធារណៈ ការកសាង សមត្ថភាពរបស់វិស័យសហ គ្រាស មីក្រូ ធុនតូច និងមធ្យម ផលិតផលកសិកម្មដែល ធន់នឹងការប្រែប្រួល អាកាសធាតុ និងថាម ពល ប្រកបដោយចីរភាព នៅក្នុងការអភិវឌ្ឍផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣-២០២៧៕សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner