ពិធីប្រគល់-ទទួល ម៉ាស់ និងថ្នាំពេទ្យសម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ៖
ធី ដា

នាថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីប្រគល់-ទទួល ម៉ាស់និងថ្នាំពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក Li Jie ទីប្រឹក្សា និងជាអគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគរ និងមន្រ្តីនៃស្ថានទូតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា អំណោយជាម៉ាស់និងថ្នាំពេទ្យនេះ គឺបានបង្ហាញពីការយកចិត្ដទុកដាក់របស់ស្ថានទូតដល់ អគរ ដែលមានមន្ត្រីបំពេញការងារនៅជួរមុខហើយអាចមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ហើយកាយវិការសប្បុរសនេះ ក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និង អគរ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ ដែលម្យ៉ាង អគរ ត្រូវជំនះរាល់បញ្ហាប្រឈមបង្កឡើងដោយកូវីដ-១៩ ហើយម្យ៉ាងទៀតត្រូវធានានិរន្តរភាពការងារ ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជន និងវិនិយោគិននានា។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការឧបត្ថម្ភម៉ាស់ចំនួន ១០,០០០បន្ទះ និងថ្នាំពេទ្យព្យាបាលជំងឺកូវីដ-១៩ មួយចំនួន ដែលសម្ភារៈទាំងនេះ អគរ នឹងធ្វើការបែងចែកជូនមន្ត្រីគយនិងរដ្ឋាករដែលកំពុងបំពេញភារកិច្ចនៅតាមការិយាល័យនិងមាត់ច្រកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។

លោក Li Jie ទីប្រឹក្សា និងអគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងអំណរគុណដល់ អគរ ដែលបានយកចិត្តទុកដាក់ គាំទ្រ និងផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មដល់ធុរៈជន វិនិយោគិន និងពាណិជ្ជករចិនដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា។ លោកទីប្រឹក្សា និងជាអគ្គកុងស៊ុលបានបន្តថា ស្ថានទូតចិននឹងបន្តផ្ដល់ជំនួយបច្ចេកទេសនានាដល់ អគរ ក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់ខ្លួន។ គួរបញ្ជាក់ថាកន្លងមក ស្ថានទូតចិន និងអង្គការផ្ដល់ជំនួយរបស់ចិន China Aids បានផ្ដល់ជំនួយជាបន្តបន្ទាប់ដល់ អគរ ហើយជំនួយលេចធ្លោ គឺការផ្ដល់ម៉ាស៊ីនស្កែនកុងតឺន័រ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់នៅកំពង់ផែអន្តរជាតិ ផែស្ងួត និងការិយាល័យគយនិងរដ្ឋាករនាមាត់ច្រកសំខាន់ៗមួយចំនួន។

អគរ និងគណៈប្រតិភូនៃស្ថានទូត បានបេ្តជ្ញាចិត្តនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងស្ថានទូត និង អគរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner